(បរទេស)៖ ទទួលបានរបាយការណ៍ថ្មីមកថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Tesla សម្រេចបាននូវខែលក់ដ៏ល្អបំផុតរបស់ខ្លួនប្រចាំឆ្នាំនៅក្នុងប្រទេសចិនក្នុងអំឡុងខែសីហា ឆ្នាំ២០២៤ ដោយលក់រថយន្តបានខ្ទង់ ៦៣,០០០គ្រឿង ដែលជាការកើនឡើងគួរឱ្យកត់សម្គាល់ប្រមាណ ៣៧ភាគរយបើធៀបទៅនឹងខែកក្កដា។​ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នំា២០២៤។

នេះជារបាយការណ៍លើកដំបូងសម្រាប់ឆ្នាំ២០២៤ ដែល Tesla លក់រថយន្តបានច្រើនបំផុត ខណៈដែលក្រុមហ៊ុនយក្សនេះ បាន​ប្រឈម​មុខ​នឹង​បញ្ហា​ប្រឈម​យ៉ាង​ខ្លាំង​នៅ​ក្នុង​ទីផ្សារ​ប្រទេស​ចិន ដោយ​មាន​ការ​ធ្លាក់​ចុះ​ការ​លក់រហូតដល់ ៥ភាគរយក្នុង​អំឡុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ ២០២៤។ តែយ៉ាងណា ជុំវិញកំណើនការលក់ក្នុងខែសីហាកន្លងទៅនេះ ត្រូវបានគេសន្មតថាភាគច្រើនដោយសារតម្រូវការខ្លាំងនៅក្នុងទីក្រុងតូចៗ បើទោះបីជាមានការប្រឈមជាបន្តបន្ទាប់ពីសង្គ្រាមតម្លៃ និងស្ថានភាពសេដ្ឋកិច្ចនៅក្នុងប្រទេសចិនកំពុងធ្លាក់ចុះក៏ដោយ។

យោងតាមរបាយការចុះផ្សាយបានបង្ហាញទិន្នន័យនៃការលក់រថយន្តរបស់​ Tesla ដែលផលិតនៅក្នុងប្រទេសចិន រូមទាំងការនាំចេញបានកើនឡើងប្រមាណ ៣ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ដែលស្មើនឹង ៨៦,៦៩៧គ្រឿងសម្រាប់ខែសីហា។ ដោយឡែកចំពោះការនាំចេញ Model 3 និង Model Y បានកើនឡើង ១៧ភាគរយ កាលពីខែកក្កដា ដែលបង្ហាញពីនិន្នាការវិជ្ជមានចំពេលទីផ្សារប្រកួតប្រជែង ដែលគូប្រជែងក្នុងស្រុកដូចជា BYD បានរាយការណ៍ពីការកើនឡើង ៣៥ភាគរយ ក្នុងការលក់របស់ពួកគេ ដែលឈានដល់ ៣៧០,៨៥៤ គ្រឿងក្នុងខែសីហា។

គួរជម្រាបដែរថា ក្រុមហ៊ុន​ Tesla គ្រោងនឹងផលិតរថយន្ត Model Y ដែលមានកៅអីចំនួន ៦របស់ខ្លូននៅក្នុងប្រទេសចិនចាប់ពីចុងឆ្នាំ២០២៥ ខាងមុខនេះតទៅ ក្នុងគោលបំណងទាក់ទាញអ្នកប្រើប្រាស់ឱ្យកាន់តែច្រើនងាកមកប្រើរថយន្តអគ្គិសនីរបស់ខ្លួន នេះបើយោងតាមមនុស្សពីរនាក់ដែលដឹងអំពីព័ត៌មាននេះ៕