(ម៉ាទ្រីដ)៖ ខ្សែប្រយុទ្ធ Valencia កីឡាករ Rafa Mir ត្រូវបានចាប់ខ្លួនដោយប៉ូលិសអេស្ប៉ាញ (Guardia Civil) ដោយចោទប្រកាន់ពីបទរំលោភបំពានផ្លូវភេទ។ នេះបើតាមការបញ្ជាក់ពីក្លិប ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤។

អ្នកនាំពាក្យប៉ូលិសបានឱ្យដឹងថា កីឡាករលេងនៅលីគ La Liga នេះ ត្រូវបានឃុំខ្លួននៅទីក្រុង Valencia ពីបទរំលោភផ្លូវភេទ លើស្ត្រីម្នាក់ ដែលមិនត្រូវបានបង្ហាញឈ្មោះនោះទេ។

Valencia បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា ខ្លួនបានដឹងពីការចាប់ខ្លួន ហើយថានឹងសហការជាមួយនឹងប្រព័ន្ធយុត្តិធម៌។

តំណាងឱ្យកីឡាករ Mir មិនអាចធ្វើការទាក់ទងបាននោះទេ ក្នុងពេលភ្លាមៗ។

កន្លងមក Mir វ័យ ២៧ឆ្នាំ ក៏ធ្លាប់លេងនៅក្លិប Wolverhampton Wanderers និងក្លិប Sevilla ផងដែរ៕