(ឡុងដ៍)៖ ខ្សែការពារឆ្វេង Jamal Lewis របស់ក្លិប Newcastle United បានចូលរួមជាមួយក្លិបប្រេស៊ីល Sao Paulo លើលក្ខខណ្ឌខ្ចីជើង រហូតដល់ដាច់ខែមិថុនា ឆ្នាំក្រោយ ជាមួយនឹងជម្រើសអាចធ្វើការផ្ទេរជាអចិន្ត្រៃយ៍។ នេះបើតាមការប្រកាសពីក្លិបលេងនៅលីគ Premier League ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤។

ដោយកើតនៅទីក្រុង Luton របស់អង់គ្លេស កីឡាករអន្តរជាតិអៀរឡង់ខាងជើង វ័យ ២៦ឆ្នាំរូបនេះ បានក្លាយជាកីឡាករអង់គ្លេសដំបូងគេ ដែលលេងឱ្យក្លិប Sao Paulo។

Lewis ដែលទទួលការកោះហៅចំនួន ៣៦លើក លេងឱ្យក្រុមជម្រើសជាតិអៀរឡង់ខាងជើងរូបនេះ បានផ្លាស់ទៅលេងនៅក្លិប Newcastle ផ្ទេរមកពីក្លិប Norwich City ដែលលេងនៅលីគលំដាប់ទី២ អង់គ្លេស English Championship កាលពីឆ្នាំ២០២០ និងបានបង្ហាញខ្លួនចំនួន ៣៦លើកសម្រាប់សារិកាព្រៃ Newcastle៕