(ភ្នំពេញ)៖ បុរសជនជាតិជប៉ុនលោក Gyotoku Koji បានទទួលសេចក្ដីទុកចិត្តពីថ្នាក់ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) នឹងបន្ដដឹកនាំក្រុមជម្រើសជាតិអាយុក្រោម ១៧ឆ្នាំកម្ពុជា ត្រៀមធ្វើម្ចាស់ផ្ទះនៃការប្រកួតជម្រុះពានរង្វាន់ AFC U17 Asian Cup Saudi Arabia 2025 ពូលB នាថ្ងៃទី១៩-២៧ ខែតុលា ឆ្នាំ២០២៤ ខាងមុខ នៅរាជធានីភ្នំពេញ។
នេះគឺជាការភ្ញាក់ផ្អើលមួយសម្រាប់អ្នកគាំទ្រ ដែលស្ទើរតែក្នុងពេលវេលាតែមួយ លោកត្រូវរៀបចំ និងដឹកនាំក្រុមជម្រើសជាតិយុវជន ២ឈុត ពោលគឺបច្ចុប្បន្នបុរសវ័យ ៥៩ឆ្នាំរូបនេះ ក៏កំពុងដឹកនាំក្រុមជម្រើសជាតិអាយុក្រោម ១៩ឆ្នាំកម្ពុជា ដើម្បីត្រៀមការប្រកួតជម្រុះពានរង្វាន់ AFC U20 Asian Cup China 2025 នៅឆាយនីសតៃប៉ិ ចាប់ពីថ្ងៃទី២១-២៩ ខែកញ្ញា ឆ្នាំ២០២៤ នេះផងដែរ។
លោក Gyotoku Koji បានបង្ហាញខ្លួនជាថ្មី ក្នុងការដឹកនាំធ្វើតេស្ដកីឡាករយុវជនចំនួន ៤៦នាក់ ដែលត្រូវបានសហព័ន្ធកោះហៅធ្វើតេស្ដសមត្ថភាពដំណាក់កាលទី១ នៃក្រុមជម្រើសជាតិ U17 កម្ពុជា កាលពីល្ងាចថ្ងៃទី០៣ ខែកញ្ញាម្សិលមិញ នៅពហុកីឡដ្ឋានជាតិអូឡាំពិក មុនពេលលោកដឹកនាំក្រុម U19 កម្ពុជា ទៅបោះជំរំហ្វឹកហាត់នៅថៃ នាចុងសប្ដាហ៍នេះ ដើម្បីត្រៀមការប្រកួតជម្រុះជើងឯកយុវជនអាស៊ីដូចគ្នា។
គួរដឹងថា កន្លងមកលោក Gyotoku Koji សុទ្ធតែធ្លាប់ដឹកនាំក្រុមជម្រើសជាតិយុវជនកម្ពុជា ចាប់ពី U16 ដល់ U19 ជាមួយនឹងលទ្ធផលដ៏ល្អគួរឲ្យកត់សម្គាល់ ពិសេសការប្រកួតពានរង្វាន់ ASEAN U-16 Boys' Championship 2024 កាលពីខែមិថុនាថ្មីៗ លោកបានដឹកនាំក្រុមគោព្រៃជំទង់កម្ពុជា ឈរលេខ២ ក្នុងពូល ដោយមិនស្គាល់ចាញ់សូម្បី ១ប្រកួតឡើយ ក្នុងចំណោម ៣ប្រកួត ជាមួយលទ្ធផលឈ្នះ ២ និងស្មើ ១។
ក្រឡេកមកចាប់អារម្មណ៍បេសកកម្ម ដែលបុរសជនជាតិជប៉ុនរូបនេះ ត្រៀមដឹកនាំនាពេលខាងមុខ សម្រាប់វគ្គជម្រុះពានរង្វាន់ AFC U20 Asian Cup China 2025 នៅឆាយនីសតៃប៉ិ នាចុងខែកញ្ញានេះ ក្រុមយុវជនកម្ពុជា ស្ថិតក្នុងពូលB ជាមួយក្រុមអូសបេគីស្ថាន, បារ៉ែន, នេប៉ាល់ និងក្រុមម្ចាស់ផ្ទះឆាយនីសតៃប៉ិ ។ រីឯវគ្គជម្រុះពានរង្វាន់ AFC U17 Asian Cup Saudi Arabia 2025 ដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ នាខែក្រោយ គឺកម្ពុជា ស្ថិតក្នុងពូល B ដូចគ្នា ជាមួយក្រុមយុវជន U17 អាហ្គានីស្ថាន, បង់ក្លាដេស, ហ្វីលីពីន និងម៉ាកាវ៕