(បរទេស)៖ ក្រុមហ៊ុន Tesla ត្រូវបានរាយការណ៍មកថា គ្រោងផលិតរថយន្ត Model Y មានកៅអី៦កៅអីនៅក្នុងប្រទេសចិន ចាប់ពីចុងឆ្នាំ២០២៥ទៅ ខណៈក្រុមហ៊ុនផលិតរថយន្តរបស់សហរដ្ឋអាមេរិកមួយនេះ កំពុងព្យាយាមបង្កើនការទាក់ទាញពីអ្នកប្រើប្រាស់ ស្របពេលការប្រកួតប្រជែងកាន់តែខ្លាំងឡើង សម្រាប់វិស័យរថយន្តអគ្គិសនី។

បើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤ បានឲ្យដឹងថា ក្រុមហ៊ុន Tesla បានស្នើសុំអ្នកផ្គត់ផ្គង់របស់ខ្លួនឱ្យរៀបចំគ្រឿងផលិតរថយន្តកើនឡើងទ្វេដងនៃ Model Y នៅឯរោងចក្រ Shanghai។ នេះបើតាមប្រភពដែលដឹងពីដំណឹងនេះ បានបដិសេធមិនបញ្ចេញឈ្មោះ។ យ៉ាងណាមិញ ជុំវិញព័ត៌មាននេះ Tesla មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។ ទោះជាយ៉ាងណាក៏ដោយ ដំណឹងនេះហាក់មិនទាន់ច្បាស់ការណ៍នៅឡើយទេថា តើក្រុមហ៊ុន Tesla នឹងបង្កើនផលិតកម្មនៅឯរោងចក្រក្នុងប្រទេសចិនដោយរបៀបណា ត្បិតក្រុមហ៊ុននេះកំពុងរង់ចាំការយល់ព្រមដើម្បីពង្រីករោងចក្រលើផ្ទៃដី ៧០ហិកតា នៅទីនោះ។

គួរជម្រាបថា រថយន្ត Model Y ប្រភេទ Crossover គឺជារថយន្តដែលលក់ដាច់បំផុតនៅក្នុងប្រទេសចិនក្នុងចំណោមរថយន្តផ្សេងទៀត ដោយការលក់រថយន្តនៅខែមករាដល់ខែមិថុនាមានចំនួន ២០៧,៨០០ គ្រឿង។ Tesla បានចេញម៉ូដែល Y ក្នុងឆ្នាំ២០២០ ហើយបាននឹងងកំពុងកែលម្អរថយន្តនេះក្រោមគម្រោងមួយដែលមានឈ្មោះថា «Juniper»។ នេះបើតាម Reuters បានរាយការណ៍កន្លងទៅ។ យ៉ាងណាមិញ​ជុំវិញការចេញលក់រថយន្តមាន៦កៅអី ដែលប្រភពអះអាងថា អាចបញ្ចេញនៅឆ្នាំ២០២៥ ជាការពិតឬយ៉ាងណា មានតែរងចាំការបញ្ជាក់ជាផ្លូវការពី Tesla ផ្ទាល់៕