(ប៉ារីស)៖ អត្តពលិកប៉ារ៉ាឡាំពិកកម្ពុជា វ៉ាន់ វ៉ុន និងធ្វើការប្រកួតលើវិញ្ញាសាប្រណាំងរទេះ ១០០ម៉ែត្រ នាវេលាម៉ោង១១:៥២នាទី (ម៉ោងនៅប៉ារីស) ត្រូវនឹងម៉ោង៤:៥០នាទីល្ងាចនេះ (ម៉ោងនៅកម្ពុជា) ខណៈក្នុងការប្រកួតប្រជែងនេះក្រុមអត្តពលិកចិន នៅបន្តឈរនាំមុខលើកំពូលតារាងមេដាយ ពីការដណ្តើមបានមេដាយមាសកើនដល់ ៥៣គ្រឿង និងសរុបឈានដល់ ១១៥គ្រឿងច្រើនជាងគេ គិតត្រឹមថ្ងៃទី០៤ ខែកញ្ញានេះ ក្នុងការប្រកួតព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិករដូវក្តៅ Paralympics Games 2024 ។

ខណៈអត្តពលិកម្ចាស់ផ្ទះបារាំង ឈរលេខ៥ នៅតែមានមេដាយមាស ១១គ្រឿងដដែល ក្នុងចំណោមក្រុមឈរលើកំពូលតារាងទាំង៥ ក្នុងនោះក្រុមចក្រភពអង់គ្លេស បន្តឈរលេខ២ ដោយមានមេដាយមាស ៣០គ្រឿង និងសរុប ៦១គ្រឿង ជាមួយក្រុមសហរដ្ឋអាមេរិក ឈរលេខ៣ រកបានមេដាយមាស ២០គ្រឿង និងសរុប ៥៣គ្រឿង។

ពេលដែលក្រុមអត្តពលិកប្រេស៊ីល កើនមេដាយសរុប ៤៨គ្រឿង ហើយកើនមេដាយមាសដល់ ១៤គ្រឿង ពេលដែលក្រុមអត្តពលិកឈរក្រោមទង់អព្យាក្រឹត (NPA) រកបានមេដាយសរុប ៤៦គ្រឿងបណ្តោះអាសន្ន ជាមួយការប្រកួតនិងបិទបញ្ចប់នៅថ្ងៃទី០៨ ខែកញ្ញានេះ ៕