(ឡុងដ៍)៖ ក្លិបបាល់ទាត់អាជីព Leicester City បានទទួលជ័យជម្នះ ក្នុងការប្តឹងជំទាស់ទៅនឹងការកាត់ពិន្ទុក្នុងលីគ Premier League នារដូវកាលនេះ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។
ស្ថាប័នឯករាជ្យ មិនបានរកឃើញបទល្មើសណាមួយ ដែលក្លិបកញ្ជ្រោងខៀវមួយនេះបានបំពានទៅនឹងច្បាប់ Premier League ហៅកាត់ថា PSR នាពេលកន្លងមកឡើយ ស្របពេលស្ថាប័នលីគកំពូលអង់គ្លេស PL បានបង្ហាញការ ភ្ញាក់ ផ្អើល និងខកចិត្តជាខ្លាំងទៅលើស្ថាប័នឯករាជ្យខាងលើនេះទៅវិញ។
កន្លងមក Leicester បានរងការចោទប្រកាន់ពី Premier League ពីបទចំណាយខុសខ្ទង់ និងអាចឈានដល់ការកាត់ពិន្ទុទៀតផងនារដូវកាលនេះ ដ្បិតពួកគេទើបឡើងមកលេងក្នុងលីគកំពូលវិញសម្រាប់រដូវកាលនេះ ក្រោយឈ្នះជើងឯក Championship នារដូវកាលឆ្នាំ២០២៣-២០២៤ រួចមក។
ជាលទ្ធផលពីការប្តឹងជំទាស់ទៅកាន់ English Football League (EFL) អតីតជើងឯកលីគឆ្នាំ២០១៦ មួយនេះ ត្រូវបានប្រកាសពីជ័យជម្នះនៅថ្ងៃអង្គារ ទី០៣ ខែកញ្ញា ឆ្នាំ២០២៤ ដោយពុំបានល្មើសច្បាប់ Premier League ដូចការចោទប្រកាន់ថាបានខាតបង់ទឺកប្រាក់អស់ជាង ១០៥លានផោន ស្មើនឹង ១៣៨លានដុល្លារនាអំឡុង ៣រដូវកាលជាប់ៗគ្នានោះទេ ដែលបញ្ចប់ត្រឹមឆ្នាំ២០២២-២០២៣ ជាពេលដែលពួកគេត្រូវបានកាត់ចេញពីលីគផងនោះ៕