(ភ្នំពេញ)៖ លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានបង្ហាញសុទិដ្ឋិនិយម ចំពោះកំណើនកម្មវិធីប្រកួតរៀងរាល់ខែ នឹងជំរុញឲ្យសិល្បៈក្បាច់គុនបុរាណអត្ដសញ្ញាណជាតិខ្មែរកាន់តែរឹងមាំ និងល្បីល្បាញលើឆាកអន្ដរជាតិ ក៏ដូចជាការផ្ដល់ឱកាសឲ្យកីឡាករ-កីឡាការិនី បានប្រកួតប្រជែង និងដុសខាតសមត្ថភាពកាន់តែប្រសើរ សម្រាប់ត្រៀមការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិនានា ។

ការលើកឡើងនេះ បន្ទាប់ពីលោកបានអញ្ជើញចូលរួមសន្និសីទសារព័ត៌មាន និងបើកសម្ពោធសង្វៀនថ្មីមួយទៀត គឺការប្រកួតផោវើរេមគុនខ្មែរ ដែលកម្មវិធីថ្មីនេះនឹងដំណើរការប្រកួតរៀងរាល់ថ្ងៃពុធ ចាប់ពីល្ងាចថ្ងៃទី០៤ ខែកញ្ញានេះតទៅ ជាមួយនឹងវត្តមានកីឡាករជួរមុខកម្ពុជា ៥រូប ត្រូវស្វាគមន៍កីឡាករមកពីចិន ហ្វីលីន និងឡាវ ផងដែរ ។

លោក ខូវ ឆាយ បានសម្ដែងនូវក្ដីរីករាយ ចំពោះការបើកទំព័រប្រវត្តិសាស្រថ្មីមួយទៀតរបស់សង្រៀនប្រដាល់ថោន និងដៃគូ ដែលបានបង្ហាញឲ្យឃើញនូវភាពរីកចម្រើន នៃវិស័យកីឡាប្រដាល់គុនខ្មែរ ក្រោមកិច្ចសហការពីវិស័យឯកជន ដែលនឹងផ្ដល់ឱកាសកាន់តែច្រើនដល់កីឡាករ-កីឡាការិនី បានបង្ហាញសមត្ថភាព ក៏ដូចជាដកស្រង់បច្ចេកទេសលើសង្វៀន ដើម្បីបង្កើននូវគុណផលកម្រិតខ្ពស់ត្រៀមការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិនាថ្ងៃអនាគត ។

លោកបន្ដថា «ក្នុងនាមសហព័ន្ធ យើងពិតជារីករាយ ដែលឃើញមានកម្មវិធីថ្មីៗកើតឡើងច្រើន ជាក់ស្ដែងសរុបកម្មវិធីក្នុងខែកញ្ញានេះ មានជិត ២០កម្មវិធីហើយ ក្នុងមួយសប្ដាហ៍ ។ កម្មវិធីចេះតែកើនឡើងពីមួយខែទៅមួយខែ ។ នេះគឺសញ្ញាណមួយបញ្ជាក់ថា ការរីកចម្រើនឥតឈប់ឈររបស់វិស័យកីឡាប្រដាល់គុនខ្មែរ កំពុងតែបោះជំហានយ៉ាងស្វាហាប់ យ៉ាងមុតមាំ និងរឹងមាំ ក្នុងការផ្សព្វផ្សាយ ក៏ដូចជាការអភិវឌ្ឍវិស័យកីឡាប្រដាល់គុនខ្មែរយើងឲ្យឈានដល់កម្រិតពិភពលោកនៅថ្ងៃខាងមុខ»

ក្រឡេកមកចាប់អារម្មណ៍គូប្រកួតសប្ដាហ៍ដំបូង នៃកម្មវិធីប្រកួតថ្មីខាងលើ គឺមានអ្នកលេងគុនខ្មែរ ៥រូប ត្រូវជួបអ្នកលេងឆ្លងដែនមកពី ៣ប្រទេស ក្នុងនោះមានកីឡាករ រស្មី គុនខ្មែរ ត្រូវជួបកីឡាករឡាវ Khundet Nakagym, កីឡាកករ ឡុង ពិសិដ្ឋ ជួបកីឡាករឡាវ Anant Chai, កីឡាករ អេ អាំ ម៉ារីនភូថង ជួបកីឡាករហ្វីលីពីន Jonel Borbon ហើយកីឡាករ ឃីម ឌីម៉ា ជួបកីឡាករចិន Deng Fangzhen និងអ្នកលេងពូថៅដៃ ធឿន ធារ៉ា ជួបកីឡាករចិន Zeng Donghui ៕