(ឡុងដ៍)៖ Foden, Palmer និង Watkins ដែលទើបជួយតោកំណាចអង់គ្លេស បានត្រឹមរងជើងឯក Euro 2024 ត្រូវបានដកឈ្មោះចេញពីជម្រើសជាតិបណ្តោះអាសន្ន មុនពេលលេងពាន Nations League ដោយសារកត្តាជំងឺ និងបញ្ហារបួសផ្សេងៗ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

Phil Foden ខ្សែប្រយុទ្ធក្លិបមេឃខៀវ Manchester City ដែលទើបឈ្នះពានកីឡាករលេងល្អប្រចាំឆ្នាំ ត្រូវបានគ្រូបង្វឹកស្តីទីលោក Lee Carsley កោះហៅចូលជម្រើសជាតិជាថ្មី តែជាអកុសល ក៏ត្រូវបានលុបឈ្មោះចេញវិញ ដោយសារមានជំងឺ គ្រាដែលខ្សែប្រយុទ្ធតោខៀវ Chelsea គឺ Cole Palmer និង Ollie Watkins របស់ Aston Villa ត្រូវបានគេរាយការណ៍ថា មានបញ្ហារបួស។

អង់គ្លេស ត្រូវជួបសាធារណរដ្ឋអៀរឡង់ នៅទីក្រុង Dublin នារាត្រីថ្ងៃសៅរ៍ ទី០៧ ខែកញ្ញា ឆ្នាំ២០២៤ មុនពេលធ្វើម្ចាស់ផ្ទះ ដើម្បីទទួលក្រុមភ្ញៀវហ្វាំងឡង់វិញម្តងនៅ ៣ថ្ងៃបន្ទាប់ក្នុងពានរង្វាន់លីគអឺរ៉ុប UEFA Nations League 2024-2025។

នេះជាការប្រកួតលើកដំបូងរបស់ពួកគេផងដែរ គិតចាប់តាំងពីចាញ់អេស្ប៉ាញ ២-១ កាលផ្តាច់ព្រ័ត្រ Euro 2024 នៅអាល្លឺម៉ង់នាអំឡុងខែកក្កដា និងជា ១ប្រកួតបើកឆាកស្ថិតក្រោមការបង្វឹកថ្មីរបស់លោក Carsley ទៀតផង ក្រោយពេលត្រូវបានតែងតាំងដឹកនាំអង់គ្លេស ជំនួសលោក Gareth Southgate ដែលបានលាឈប់៕