(បរទេស)៖ របាយការណ៍ពីសារព័ត៌មាន Nikkei បានឱ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple នឹងប្តូរទៅប្រើប្រាស់អេក្រង់ OLED (ឈ្មោះពេញ organic light-emitting diode) សម្រាប់ម៉ូដែល iPhone ទាំងអស់របស់ខ្លួន ដែលចេញលក់ចាប់ពីឆ្នាំ២០២៥ តទៅ។ ប្រកាសនេះ បានគូសបញ្ជាក់ថា Apple នឹងផ្លាស់ប្តូរទាំងស្រុងពីអេក្រង់ LCD ពោលគឺ ឈប់ប្រើប្រាស់អេក្រង់ប្រភេទនេះតែម្តង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤។
បច្ចុប្បន្ននេះ ក្រុមហ៊ុនផលិតទូរទស្សន៍ និងស្មាតហ្វូនជាច្រើននៅក្នុងប្រទេសជប៉ុន បាននឹងកំពុងប្រើប្រាស់អេក្រង់ OLED មានក្រុមហ៊ុនភាគតិចណាស់ដែលនៅប្រើប្រាស់អេក្រង់ LCD ទាំងនេះក៏ដោយសារមុខងារផ្តល់នូវពណ៌រស់រវើក កម្រិតពណ៌ច្បាស់ជាងមុន ព្រមទាំងធ្វើឱ្យការទស្សនាវីដេអូកាន់តែត្រជាក់ភ្នែក។ ប្រភពពី Nikkei បានអះអាងថា ការផ្លាស់ប្តូរនេះ ក៏នឹងប៉ះពាល់ដល់ iPhone SE ដែលមានតម្លៃទាបផងដែរ បន្ទាប់ពីប្រកាសនេះវានឹងត្រូវបានបំពាក់ដោយអេក្រង់ OLED។
តែយ៉ាងណា ការសម្រេចចិត្តនេះ មិនរាប់បញ្ចូលក្រុមហ៊ុនផ្គត់ផ្គង់ជប៉ុន Japan Display និង Sharp ពីខ្សែសង្វាក់ផ្គត់ផ្គង់របស់ Apple នោះទេ ដោយសារក្រុមហ៊ុនទាំងនេះមិនផលិតអេក្រង់ OLED ហើយបច្ចុប្បន្នបានផ្គត់ផ្គង់ជាចម្បងតែអេក្រង់ LCD សម្រាប់ iPhone SE តែប៉ុណ្ណោះ។ របាយការណ៍បានបន្ថែមថា ក្រុមហ៊ុនទាំងពីរនេះ ប្រហែលមួយទសវត្សរ៍មុនជាក្រុមហ៊ុនដែលផ្គត់ផ្គង់ iPhone ដ៏ធំបំផុត នឹងកាន់កាប់ចំណែកប្រហែល ៧០ភាគរយឯណោះ។
ស្របជាមួយគ្នានេះ ក្រុមហ៊ុន Apple បានចាប់ផ្តើមបញ្ជាទិញអេក្រង់ OLED ពីក្រុមហ៊ុន BOE Technology Group នៅក្នុងប្រទេសចិន និង LG Display នៅក្នុងប្រទេសកូរ៉េខាងត្បូងរួចហើយ ដោយបង្ហាញពីការផ្លាស់ប្តូរជាយុទ្ធសាស្រ្តដើម្បីបង្កើនគុណភាពអេក្រង់នៅលើ iPhone ទាំងមូលរបស់ខ្លួន។
គួរជម្រាបថា Apple ចាប់ផ្តើមប្រើប្រាស់អេក្រង់ OLED ជាលើកដំបូងនៅក្នុង iPhone X ដែលបានចេញលក់អំឡុងឆ្នាំ២០១៧ ហើយចាប់តាំងពីពេលនោះមក ក្រុមហ៊ុនយក្សនេះបានប្តូទៅប្រើអេក្រង់ OLED សម្រាប់ iPhone ស៊េរីចុងក្រោយរបស់ខ្លួនជាបន្តបន្ទាប់៕