(ភ្នំពេញ)៖ កីឡាករប្រណាំងម៉ូតូស្ព័រកម្ពុជា ឈឹម ពិសិដ្ឋ បានទទួលចំណាត់ថ្នាក់លេខ៤ នៃព្រឹត្តិការណ៍ប្រណាំងម៉ូតូ Malaysia Speed Festival (MSF) Merdeka Race 2024 នៅប្រទេសម៉ាឡេស៊ី កាលពីចុងសប្ដាហ៍កន្លងទៅ ខណៈសាមីខ្លួនបានចាត់ទុកជាសមិទ្ធផលលើសពីការរំពឹងទុក ដ្បិតជាលើកដំបូង នៃការចូលរួមព្រឹត្តិការណ៍អន្ដរជាតិដ៏ធំ លើទីលានស្ដង់ដារ GP បែបនេះ ។

ការធ្វើដំណើរមកដល់មាតុភូមិវិញ កីឡាករវ័យក្មេងរូបនេះ បានសម្ដែងការសប្បាយចិត្ត ដែលខ្លួនបានបញ្ចប់ការប្រកួតចំនួន ១២ជុំ នៅទីលានខ្នាតអន្ដរជាតិ Sepang Circurt ដោយជោគជ័យ លើវិញ្ញាសា Class Supper Sport 600cc ជាមួយកីឡាករខ្លាំងៗជាច្រើន ខណៈបានបញ្ចប់នៅចំណាត់ថ្នាក់លេខ៤ ក្នុងចំណោមកីឡាករ ៩រូប ដែលប្រកួតលើវិញ្ញាសាជាមួយគ្នា ។

ទោះបីមិនទាន់ឈានដល់កម្រិតលេខ១ ឬលេខ២ និងលេខ៣ តែរូបគេបានចាត់ទុកនេះ គឺជាសមិទ្ធផលថ្មី ដែលលើសពីការរំពឹងទុក ដ្បិតទើបជាលើកដំបូង នៃការចូលរួមប្រកួតអន្ដរជាតិ និងមានស្ដងដារខ្ពស់ ហើយមានកីឡាករខ្លាំងៗចូលរួមច្រើន ។ អ្វីដែលគួរឲ្យកត់សម្គាល់ គឺម៉ូតូប្រណាំងរបស់ ពិសិដ្ឋ ជាម៉ូតូខ្ចីមិត្ដភ័ក្ដ្រនៅម៉ាឡេស៊ី ។ សមាជិកក្លិបមេគង្គរូបនេះថា បើសិនមានម៉ូតូផ្ទាល់ខ្លួន ហើយស្គាល់ទីលានច្បាស់ រូបគេអាចនឹងធ្វើបានល្អប្រសើរជាងនេះទៀត ។

ទន្ទឹមជាមួយការទទួលបានសមិទ្ធផលថ្មីលើឆាកអន្ដរជាតិនេះដែរ ឈឹម ពិសិដ្ឋ បានលើកឡើងថា ខ្លួនក៏ចង់ឲ្យមានទីលានស្ដង់ដារ និងមានការប្រកួតអន្ដរជាតិនៅកម្ពុជាផងដែរ ដ្បិតនៅកម្ពុជាបច្ចុប្បន្ន ក៏មានធនធានកីឡាករក្នុងវិស័យកីឡាយានយន្ដជាច្រើន ហើយបើកម្ពុជា មានទីលានប្រណាំងម៉ូតូស្ដង់ដារ ស្របតាមច្បាប់ FIM ឬ FIA ហើយមានការប្រកួតលក្ខណៈអន្ដរជាតិ គេជឿថា វិស័យនេះ នឹងរីកចម្រើន ហើយអាចផ្ដល់នូវផលចំណេញជាច្រើន ទាំងក្នុងវិស័យកីឡាយានយន្ដ ក៏ដូចជាវិស័យទេសចរណ៍ទៀតផង ៕