(បរទេស)៖ បុគ្គលិកបម្រើការក្នុងក្រុមហ៊ុន Audi សម្តែងក្តីសោកសៅជាពន់ពេក ក្រោយអ្នកចាត់ការទូទៅក្នុងក្រុមហ៊ុននេះ គឺលោក Fabrizio Longo បានទទួលមរណភាព ដោយសារធ្លាក់ពីលើភ្នំកំពស់ជាង ៣,០០០ម៉ែត្រ។

បើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters បានឲ្យដឹងថា លោក Fabrizio Longo អាយុ៦២ឆ្នាំ ជាអ្នកឡើងភ្នំដ៏ប៉ិនប្រសព្វម្នាក់ និងជាអ្នកចាត់ការទូទៅក្នុងក្រុមហ៊ុន Audi ដែលជាក្រុមហ៊ុនរថយន្តប្រណិតដែលមានទីស្នាក់ការកណ្តាលនៅក្នុងប្រទេសអ៊ីតាលី បានធ្លាក់ពីលើកំពូលភ្នំកំពស់ ១០,០០០ហ្វីត ឬជាង៣,០០០ម៉ែត្រ ខណៈភ្នំដែលលោកឡើងនោះស្ថិតក្នុងជួរភ្នំ Adamello ភាគខាងជើងនៃប្រទេស។ អ្នកនាំពាក្យក្រុមហ៊ុន Audi បាននិយាយនៅថ្ងៃអង្គារនេះថា លោក Longo ជាមនុស្សដែលមាន «អត្តចរិតល្អ មានទាំងសមត្ថភាព និងចំណេះដឹង»។ លោក Fabrizio Longo បានដឹកនាំម៉ាកយីហោរថយន្ត Audi នៅក្នុងប្រទេសអ៊ីតាលី ជាមួយនឹងភាពជោគជ័យដ៏ធំសម្បើម ចាប់តាំងពីឆ្នាំ២០១៣មក និងបំពេញការងារប្រកបដោយភាពជោគជ័យសម្រាប់រយៈពេល ១១ឆ្នាំជាប់ៗគ្នា។

នាយកប្រតិបត្តិ និងថ្នាក់ដឹកនាំក្នុងឧស្សាហកម្មរថយន្តជាច្រើន មានការសោកស្តាយជាខ្លាំងចំពោះមរណភាពរបស់ លោក Longo ក្នុងនោះសូម្បីតែនាយកប្រតិបត្តិក្រុមហ៊ុន Lamborghini លោក Stephan Winkelmann ក៏សម្តែងការសោកស្តាយផងដែរ។

គួរជម្រាបថា បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃអាទិត្យសប្តាហ៍មុន ដោយសាកសពរបស់លោកត្រូវបានគេប្រទះឃើញភ្លាមៗដោយអ្នកឡើងភ្នំម្នាក់ ហើយបានតេរសុំជំនួយ៕