(ពិភពលោក)៖ ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA បានបង្ហាញរបាយការណ៍ ក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅឆ្នាំ២០២៤ បានក្លាយជាកំណត់ត្រាមួយដោយមានការផ្ទេររហូតដល់ ១១០០០ ក្នុងបញ្ជីទីផ្សារដោះដូរនៅទូទាំងពិភពលោក លើការផ្ទេរលក្ខខណ្ឌអន្តរជាតិ មានការកើនឡើង ៤.៨ភាគរយ បើធៀបជាមួយនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទឹកប្រាក់សរុបច្រើនជាង ៦.៤០ពាន់លានដុល្លារ ជាចំនួនដ៏ខ្ពស់បំផុតទី២ មិនធ្លាប់មាន ហើយបើធៀបនឹងឆ្នាំមុនមានការចុះប្រមាណ ១៣.៦ភាគរយ ប្រហែលនឹងទឹកប្រាក់ប្រមាណ ៥.៥៨ពាន់លានដុល្លារ ត្រូវបានចំណាយនៅក្នុងទ្វីបអឺរ៉ុបតែមួយគត់ ក្នុងនោះមានក្លិបក្នុងលីគអង់គ្លេស មានការចំណាយច្រើនជាង ១.៦ពាន់លានដុល្លារ លើថ្លៃផ្ទេរនៅពាក់កណ្តាលឆ្នាំនេះ ។

ការចំណាយស្ថិតក្នុងលីគអង់គ្លេស បានធ្លាក់ចុះប្រមាណ ១៥.៥ភាគរយ ក្នុងចំនួនទឹកប្រាក់ប្រមាណ ២ពាន់លានដុល្លារ កាលពីឆ្នាំមុន ដែលជាវិធីសាស្ត្ររក្សាលើការចំណាយរបស់ក្លិប ជាមួយការប្រុងប្រយ័ត្នជាងមុនលើការចំណាយ អំពីច្បាប់គោលការណ៍ប្រាក់ចំណេញ និងនិរន្តរភាព (PSR) របស់ក្របខ័ណ្ឌ Premier League ។

ក្របខណ្ឌលីគអង់គ្លេស ក៏បាននាំមុខគេនៅក្នុងចំនួននៃការផ្ទេរចូល បន្ទាប់មកក្លិបនៅប្រេស៊ីល និងព័រទុយហ្គាល់ ។ ក្នុងនោះការចំណាយលើថ្លៃផ្ទេរលក្ខខណ្ឌអន្តរជាតិ ផ្នែកស្ត្រីគឺមានចំនួន ៦.៨លានដុល្លារ នៅអំឡុងពាក់កណ្តាលឆ្នាំនេះ ដែលមានចំនួនច្រើនជាង ២ដងបើធៀបនឹងឆ្នាំមុន ។

 

ក្លិបលីគកំពូលនៅអារ៉ាប៊ីសាអូឌីត មានការចំណាយធ្លាក់ចុះប្រមាណ ៥០.៧៤ភាគរយផងដែរ ក្នុងរង្វង់ទឹកប្រាក់ប្រមាណ ៨៧៥លានដុល្លារ បើធៀបនឹងទីផ្សាររដូវកាលឆ្នាំមុន មកនៅត្រឹមតែ ៤៣១លានដុល្លារនៅរដូវកាលនេះ ខណៈទីផ្សារដោះដូរកីឡាករក្នុងសមាគមន៍បាល់ទាត់អារ៉ាប៊ីសាអូឌីត នឹងបិទទ្វានៅខែតុលា ខាងមុខ ៕