(កូឡុំបូ)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវជួបក្រុមម្ចាស់ផ្ទះស្រីលង្កា នាវេលាម៉ោង ៥៖១៥នាទីល្ងាចថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ នេះ (ម៉ោងនៅកម្ពុជា) នៃវគ្គជម្រុះពានរង្វាន់ប្រចាំទ្វីបអាស៊ី AFC Asian Cup Saudi Arabia 2027 ជើងទី១ នៅកីឡដ្ឋាន Racecourse International នាទីក្រុង Colombo ប្រទេសស្រីលង្កា។
លោក Felix Dalmas គ្រូបង្វឹកក្រុមគោព្រៃកម្ពុជា បានថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតថា ការជួបស្រីលង្កាលើកនេះ មិនមែនជាស្រីលង្កាពីមុននោះទេ បន្ទាប់ពីពួកគេបានកោះហៅកីឡាករមកពីតំបន់អឺរ៉ុបជាច្រើន ដើម្បីជួយក្រុមក្នុងការប្រកួតជម្រុះពានរង្វាន់បប្រចាំទ្វីបអាស៊ីនេះ។
គ្រូបង្វឹកជនជាតិអាហ្សង់ទីនរូបនេះ បន្ដថា «សម្រាប់ការប្រកួតក្រុមជម្រើសជាតិកម្ពុជា ជាមួយនឹងក្រុមជម្រើសជាតិស្រីលង្កា យើងកំពុងតែប្រកួតជាមួយនឹងក្រុមស្រីលង្កាថ្មី និងខុសប្លែក ដែលកីឡាករភាគច្រើនគឺមកពីអឺរ៉ុប។ ដូច្នេះយើងមិនអាចប្រៀបធៀបក្រុមស្រីលង្កានេះ ជាមួយនឹងក្រុមស្រីលង្កាពីមុន ដែលយើងធ្លាប់ប្រកួតជាមួយនោះទេ»។
ក្រឡេកទៅចាប់អារម្មណ៍ប្រវត្តិជួបគ្នា ៣លើកចុងក្រោយ រវាងក្រុមទាំងពីរវិញ កម្ពុជាធ្លាប់ឈ្នះ ២លើក ពោលគឺកម្ពុជា ធ្លាប់ឈ្នះស្រីលង្កា ៦-១ ក្នុងពានរង្វាន់ Merdeka Tournament 1972 ខណៈឆ្នាំ២០០១ កម្ពុជា បានចាញ់ស្រីលង្កាវិញ ១-០ ក្នុងជំនួបមិត្តភាព និងចុងក្រោយជួបគ្នាកាលពីឆ្នាំ២០១៦ កម្ពុជា បានយកឈ្នះស្រីលង្កាជាថ្មី ៤-០។
គួរដឹងថា ក្នុងការប្រកួតជម្រុះពានរង្វាន់ AFC Asian Cup Saudi Arabia 2027 រវាងកម្ពុជា និងស្រីលង្កា នឹងធ្វើឡើង ២ជើង ពោលចប់ការប្រកួតល្ងាចនេះ ក្រុមគោព្រៃកម្ពុជា នឹងត្រូវធ្វើដំណើរមកមាតុភូមិ ដើម្បីត្រៀមបើកទ្វារស្វាគមន៍ក្រុមជម្រើសជាតិស្រីលង្កាវិញនាថ្ងៃទី១០ ខែកញ្ញាខាងមុខ ដើម្បីកាត់សេចក្ដីរកក្រុមឈ្នះឡើងទៅវគ្គបន្ដ៕