(ភ្នំពេញ)៖ អត្តពលិកកីឡាវាយកូនបាល់វ័យក្មេងមកពី ១៦ប្រទេស បានចូលរួមក្នុងជំរំហ្វឹកហាត់កម្រិតខ្ពស់ (High-Performance Training Camp-HPTC) នៅមជ្ឈមណ្ឌលកីឡាវាយកូនបាល់ នៃពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បីត្រៀមការប្រកួតជើងឯកយុវជនអាស៊ី ATF Asian U14 Junior Championship 2024 ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី០៩-១៣ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខ។

លោក ទេព រិទ្ធិវិទ្ធ អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានឲ្យដឹងថា កម្មវិធី Training Camp នេះ មានរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី៤-៧ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានអត្តពលិកចូលរួមសរុប ៤៨នាក់ និងមកពី ១៦ប្រទេស ក្នុងនោះមានកុមារា ២៤នាក់និងកុមារី ២៤នាក់។ នេះជាលើកដំបូងហើយ ដែលសហព័ន្ធកីឡាវាយកូនបាល់អាស៊ី (ATF) ស្នើសុំរៀបចំកម្មវិធីនេះ ស្របពេលកម្ពុជាទទួលបានធ្វើសិទ្ធម្ចាស់ផ្ទះលើកទី២ នៃព្រឹត្តិការណ៍ ATF Asian U14 Junior Championship 2024។

លោកបន្ដថា ការសម្រេចរៀបចំកម្មវិធីបោះជំរំហ្វឹកហាត់កម្រិតខ្ពស់ និងការប្រកួតជើងឯកយុវជនប្រចាំទ្វីបអាស៊ី នៅកម្ពុជាក្នុងពេលតែមួយនេះ ក៏ព្រោះកម្ពុជាបានបង្ហាញពីការរៀបចំបានយ៉ាងល្អ និងមានទីលានស្ដងដារអន្ដរជាតិ ពិសេសការទទួលបដិសណ្ឋារកិច្ចបានយ៉ាងល្អ ក្នុងនាមម្ចាស់ផ្ទះព្រឹត្តិការណ៍ ATF Asian U14 Junior Championship កាលពីឆ្នាំ២០២៣ កន្លងទៅ។ ការណ៍នេះ ទើបនាំឲ្យ ATF ស្នើឲ្យកម្ពុជាធ្វើម្ចាស់ផ្ទះម្ដងទៀត ទោះបីធនធានកីឡាករ-កីឡាការិនីកម្ពុជា នៅមានកម្រិតយ៉ាងណាក៏ដោយ។

អគ្គលេខាធិការសហព័ន្ធដដែលបន្ដថា សម្រាប់ការប្រកួត ATF Asian U14 Junior Championship ឆ្នាំនេះ កម្ពុជា បានបញ្ចូលកីឡាករម្នាក់ប៉ុណ្ណោះ គឺកីឡាករ ផល រតនៈ។ រីឯកីឡាការិនី កម្ពុជាមិនបានបញ្ចូលក្នុងការប្រកួតនោះទេ ទោះបីក្នុងនាមម្ចាស់ផ្ទះ មិនសិទ្ធដាក់ក៏ដោយ ព្រោះសមត្ថភាពកីឡាការិនីកម្ពុជានៅមានកម្រិត និងមិនចង់ដាក់ឲ្យចូលរួមក្រោមសម្ពាធខ្លាំងនោះទេ។ យ៉ាងណាលោកជឿជាក់លើយុវជន ផល រតនៈ នឹងស្វែងរកបានជ័យជម្នះខ្លះក្នុងការប្រកួតផ្លូវការ នាសប្ដាហ៍ក្រោយ៕