(អ៊ីស្តង់ប៊ូល)៖ ក្លិបបាល់ទាត់ពពកស Napoli និង Galatasaray បានឈានដល់កិច្ចព្រមព្រៀង ក្នុងការផ្ទេរកីឡាករខ្សែប្រយុទ្ធ Victor Osimhen ១រដូវកាល ពោលគឺត្រឹមឆ្នាំ២០២៤-២០២៥ ក្នុងលីគកំពូលតួកគី។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។
Napoli បានឱ្យដឹងថា កិច្ចសន្យាខ្ចីជើង ១រដូវកាលនេះ នឹងផុតកំណត់ត្រឹមខែមិថុនា ឆ្នាំ២០២៥ ខាងមុខ ក្រោយពេលខ្សែប្រយុទ្ធនីហ្សេរីយ៉ារូបនេះ ទើបតែបានបន្តកិច្ចសន្យាថ្មីជាមួយ Napoli រួចមក ដែលមានសុពលភាពដល់ឆ្នាំ២០២៧ ខាងមុខ។
ជាមួយជម្រើសជាតិនីហ្សេរីយ៉ា Osimhen ស៊ុតបាន ២១គ្រាប់ ពីការចូលលេងបាន ៣៥ប្រកួតនាពេលកន្លងមក ជាមួយនឹងការរកបាន ៧៦គ្រាប់សរុប ពីការចូលលេងបាន ១៣៣ប្រកួតផងដែរសម្រាប់ក្លិបលេងនៅ Serie A និងជាតួអង្គសំខាន់ម្នាក់ ដែលបានរួមចំណែកជួយ Napoli ឈ្នះជើងឯកលីគនារដូវកាលឆ្នាំ២០២២-២០២៣ កន្លងមកដែលស៊ុតបាន ២៦គ្រាប់នាកាលនោះ។
មែនទែនទៅ Osimhen វ័យ ២៥ឆ្នាំ បានខិតជិតផ្ទេរទៅកាន់ក្លិបអង់គ្លេស Chelsea នៅមុនពេលទីផ្សារដោះដូរកីឡាករ ត្រូវបានបិទទ្វារកាលពីថ្ងៃសុក្រសប្តាហ៍មុន ស្របពេល Al-Ahli របស់អារ៉ាប៊ីសាអូឌីត ក៏ចាប់អារម្មណ៍ចង់បានដូចគ្នា ប៉ុន្តែសម្រេចចុងក្រោយ ផ្ទេរទៅកាន់លីគកំពូលតួកគីវិញនាពេលនេះ៕