(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្តប្រណិតរបស់ស៊ុយអែត Volvo Cars បានប្រកាសនៅថ្ងៃពុធសប្តាហ៍នេះថា ខ្លួននឹងចាប់ផ្តើមចែកចាយរថយន្ត SUV ម៉ូដែល EX90 ដល់អតិថិជនឡើងវិញចាប់ពីដំណាច់ខែកញ្ញានេះតទៅ បន្ទាប់ពីការពន្យាពេលជាច្រើនខែក្នុងការចេញលក់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤។

Volvo បានបញ្ជាក់ថា ឥឡូវនេះក្រុមហ៊ុនកំពុងដំណើរការបញ្ជូនរថយន្ត EX90 ទៅកាន់ភ្នាក់ងារចែកចាយនៅទូទាំងសហរដ្ឋអាមេរិក និងអឺរ៉ុប។ បន្ថែមពីនេះ ក្រុមហ៊ុន Volvo គ្រោងនឹងបង្កើនការចែកចាយ និងពង្រីកទៅកាន់ទីផ្សារធំៗផ្សេងទៀតនៅក្នុងអំឡុងត្រីមាសទី៤ ឆ្នាំ២០២៤ និងរហូតដល់ត្រីមាសទី១ ឆ្នាំ២០២៥ខាងមុខ។

គួរជម្រាបថា មូលហេតុដែលក្រុមហ៊ុន Volvo ពន្យាពេលចេញលក់រថយន្តជំនាន់ថ្មីរបស់ខ្លួន EX90 គឺដោយសារការដាក់ឱ្យប្រើប្រាស់កម្មវិធីថ្មីនៅក្នុងរថយន្តកាលពីឆ្នាំមុន ដែលជាហេតុធ្វើឱ្យក្រុមហ៊ុនត្រូវបន្តសិក្សា ពន្យាពេលផលិតកម្ម និងពេលវេលាចែកចាយ ខណៈដំបូងឡើយគ្រោងនឹងចេញលក់នៅដើមឆ្នាំ២០២៤ ពោលគឺត្រូវពន្យាពេលអស់រយៈពេលជាងកន្លះឆ្នាំគិតមកដល់បច្ចុប្បន្ននេះ៕