(បរទេស)៖ Taobao និង Tmall ដែលជា Platform លក់ទំនិញក្នុងស្រុកដ៏ធំរបស់ចិន និងជាកម្មសិទ្ធិរបស់ Alibaba នៅពេលនេះបានប្រកាសទទួលយកការទូទាត់ប្រាក់តាមរយៈ WeChat របស់ក្រុមហ៊ុន Tencent។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០២៤។

Alibaba ដែលមានលោក Jack Ma ជាមេធំ កន្លងមកបានប្រើប្រាស់កម្មវិធី និងសេវាកម្មទូទាត់ប្រាក់នៅលើ Platform លក់ទំនិញរបស់ខ្លួនតាមរយៈ Alipay របស់ក្រុមហ៊ុន Ant Group ដែលជាបុត្រសម្ព័ន្ធរបស់ខ្លួន និងមិនទទួលយកការទូទាត់ប្រាក់តាមរយៈ WeChat ឡើយ ខណៈដែល Tencent ក៏ជាក្រុមហ៊ុនមួយដែលបានជះលុយយ៉ាងច្រើនសន្ធឹកសន្ធាប់វិនិយោគទៅលើក្រុមហ៊ុនលក់ទំនិញអនឡាញក្នុងស្រុកដូចជា JD.com និង Pinduoduo។

យោងតាមសេចក្តីប្រកាសរបស់ Alibaba បានឲ្យដឹងថា ឆាប់ៗនេះ នៅលើ Taobao និង Tmall នឹងមានជម្រើសទូទាត់ប្រាក់ តាមរយៈ WeChat បន្ថែមពីលើ Alipay ប៉ុន្តែមិនបានបញ្ជាក់លម្អិតពីប្រតិបត្តិការឡើយ។

គួរបញ្ជាក់ផងដែរថា Alibaba និង Tencent គឺជាក្រុមហ៊ុនបច្ចេកវិទ្យា និងកម្សាន្តយក្សរបស់ចិន ហើយក៏ជាគូប្រជែងគ្នាដ៏ខ្លាំងផងដែរ ប៉ុន្តែប៉ុន្មានឆ្នាំចុងនេះ រដ្ឋាភិបាលចិន បានជម្រុញឲ្យក្រុមហ៊ុនក្នុងស្រុកសហការគ្នា ពង្រីកឥទ្ធិពលក្នុងស្រុក និងទប់ស្កាត់ឥទ្ធិពលពីខាងក្រៅ៕