(ភ្នំពេញ)៖ គណៈកម្មការចំពោះកិច្ចរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចធិបតី» (គ.ច.យ.ខ.ព) នៅព្រឹកថ្ងៃទី០៥ ខែកញ្ញានេះ បានរៀបចំសិក្ខាសាលាគ្រូបង្វឹកស្ដីពីបទបញ្ជាការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ដើម្បីបញ្ជ្រាបនូវការយល់ដឹងបន្ថែម មុនឈានដល់ការប្រកួតផ្លូវការ ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី១៨-២០ ខែតុលា ឆ្នាំ២០២៤ ខាងមុខ ។
សិក្ខាសាលានេះ ធ្វើឡើងក្រោមវត្តមានលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជាអនុប្រធានអចិន្ដ្រៃយ៍ នៃគណៈកម្មការចំពោះកិច្ច គ.ច.យ.ខ.ព ហើយក៏មានការចូលរួមពីថ្នាក់ដឹកនាំ និងគ្រូបង្វឹក នៃសហព័ន្ធកីឡាជាស្នូលទាំង៤ រួមមានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ សហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា និងសហព័ន្ធយុទ្ធក្រមខមកម្ពុជា ។
សិក្ខាសាលានេះ រៀបចំឡើងដើម្បីណែនាំបន្ថែមដល់គ្រូបង្វឹកក្បាច់គុនបុរាណខ្មែរគ្រប់ទម្រង់ ដើម្បីយល់ច្បាស់ពីលក្ខខណ្ឌ និងបទបញ្ជាការប្រកួតរួម ដែលនឹងត្រូវប្រើប្រាស់ក្នុងព្រឹត្តិការណ៍កីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចធិបតី» ហើយបញ្ជ្រាបដល់កីឡាករ-កីឡាការិនីរបស់ខ្លួន ដើម្បីធានាបាននូវការគោរពតាមឲ្យបានម៉ឺងម៉ាត់ នូវក្រមសីលធម៌ វិន័យ និងបទបញ្ជា ដើម្បីជំរុញព្រឹត្តិការណ៍នេះឲ្យប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ ។
សូមរំឮកថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសផ្ដួចផ្ដើម និងអនុញ្ញាតជាគោលការណ៍ឲ្យមានរៀបចំការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ ដើម្បីដណ្ដើមពានរង្វាន់សម្ដេចធិបតី រៀងរាល់ឆ្នាំ ចាប់ពីខែតុលា ឆ្នាំ២០២៤ តទៅ ដើម្បីអភិរក្ស និងអភិវឌ្ឍន៍ក្បាច់គុនបុរាណខ្មែរ ជាពិសេសផ្សព្វផ្សាយឲ្យពិភពលោកដឹងថា កម្ពុជាមានយុទ្ធគុនបុរាណដ៏សម្បូរបែប ច្រើនប្រភេទ ច្រើនទម្រង់ និងច្រើនមេគុន មិនមែនមានក្បាច់គុនបុរាណត្រឹម ២ ឬ ៣ នោះទេ ។
រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្ដេចធិបតី ក៏បានសម្រេចបង្កើតគណៈកម្មការចំពោះកិច្ច គ.ច.យ.ខ.ព ដើម្បីត្រៀមលក្ខណៈរៀបចំព្រឹត្តិការណ៍ខាងលើ ដោយមានលោកបណ្ឌិតទេសរដ្ឋមន្ដ្រី ថោង ខុន ប្រធាន NOCC គឺជាប្រធាន និងលោក វ៉ាត់ ចំរើន ជាអនុប្រធានអចិន្ដ្រៃយ៍ ព្រមទាំងអនុប្រធាន និងសមាជិកសរុប ២៣នាក់ផ្សេងទៀត។ គ.ច.យ.ខ.ព មានបេសកកម្ម ២សំខាន់ៗ ពិសេសលើការជំរុញការផ្សព្វផ្សាយ និងការរៀបចំព្រឹត្តិការណ៍យុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចធិបតី» ឲ្យប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ។
លោកទេសរដ្ឋមន្ដ្រី ថោង ខុន ធ្លាប់មានប្រសាសន៍ថា «ការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្តេចធិបតី ជាប្រវត្តិសាស្រ្តនេះ គឺជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងគាស់រំលើងឡើងវិញនូវយុទ្ធគុនបុរាណរបស់បុព្វបុរសដូនតាខ្មែរមួយចំនួន ដែលបានកប់បាត់ ដើម្បីយកមករៀបចំអភិរក្ស ដើម្បីអភិវឌ្ឍ និងអភិវឌ្ឍដើម្បីអភិរក្សនូវមរតកយុទ្ធគុនខ្មែរបុរាណ» ៕