(ភ្នំពេញ)៖ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ប្រធានសមាគមសិល្បករខ្មែរ នៅរសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤នេះ បានដឹកនាំប្រតិភូនៃសមាគម អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ដែលកំពុងតម្កល់ធ្វើបុណ្យឧទ្ទិសកុសលតាមប្រពៃណី ព្រះពុទ្ធសាសនា នៅគេហដ្ឋាននៃសព ស្ថិតក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ក្នុងបរិយកាសដ៏ក្រៀមក្រំនេះ លោកជំទាវអ្នកឧកញ៉ាប្រធាន «សមាគមសិល្បករខ្មែរ» បានសម្តែងនូវមនោសញ្ចេតនាអាឡោះអាល័យ និងក្តីសង្វេគជាពន្លឹក ជាមួយលោកជំទាវឧកញ៉ាធម្មាមង្គលមុនី ថាយ វ៉ា គង់ សំអុល និងក្រុមគ្រួសារ នូវការបាត់បង់ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតី ស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ព្រះបរមរាជវាំង ព្រោះជាការបាត់បង់នូវឧត្តមស្វាមីជាទីស្រឡាញ់ និងឪពុកជាទីគោរពប្រកបដោយព្រហ្មវិហារធម៌ ព្រមទាំងជាបាត់បង់នូវឥស្សរជនថ្នាក់ជាតិដ៏ឆ្នើមមួយរូប ដែលបានលះបង់កម្លាំងកាយចិត្ត ពេលវេលា និងប្រជ្ញាស្មារតីពេញមួយជីវិត ចូលរួមក្នុងបុព្វហេតុ ដ៏ឧត្តុង្គឧត្តមបម្រើជាតិ សាសនា និងអង្គព្រះមហាក្សត្រ។

សារជាថ្មីម្ដងទៀត លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ប្រធានសមាគមសិល្បករខ្មែរ សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតនេះ ជាមួយលោកជំទាវឧកញ៉ា ធម្មាមង្គលមុនី ថាយ វ៉ា គង់ សំអុល និងក្រុមគ្រួសារ ហើយក្នុងនាមប្រធានសមាគមសិល្បករខ្មែរ លោកជំទាវអ្នកឧកញ៉ាសូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមជួយយិតយោងដួងវិញ្ញាណក្ខន្ធ សម្តេចចៅហ្វាវាំងវរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ព្រះបរមរាជវាំង បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕