(កូឡុំបូ)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានប្រកួតស្មើក្រុមម្ចាស់ផ្ទះស្រីលង្កា ០-០ ក្នុងជំនួបជើងទី១ នៃវគ្គជម្រុះពានរង្វាន់ប្រចាំទ្វីបអាស៊ី AFC Asian Cup Saudi Arabia 2027 នៅល្ងាចថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ នេះ។

ជំនួបដ៏ស្វិតស្វាញនៅកីឡដ្ឋាន Racecourse International នាទីក្រុង Colombo ប្រទេសស្រីលង្កា ក្រុមម្ចាស់ផ្ទះ បានព្យាយាមដាក់សម្ពាធលើក្រុមគោព្រៃ តែមិនអាចទម្លាយរបាំងការពារកម្ពុជាបានឡើយ។ រីឯក្រុមជម្រើសជាតិកម្ពុជា ក៏មានឱកាសវាយបកនៅចុងម៉ោងផងដែរ តែមិនអាចរកគ្រាប់បាល់បានដូចគ្នា រហូតចប់ការប្រកួតពេញម៉ោង ស្មើគ្នា ០-០។

ក្រោយបញ្ចប់ការប្រកួតដោយគ្មានគ្រាប់បាល់ក្នុងជំនួបជើងទី១ នេះ ក្រុមគោព្រៃកម្ពុជា នឹងត្រូវធ្វើដំណើរត្រឡប់មកមាតុភូមិ ដើម្បីត្រៀមបើកទ្វារស្វាគមន៍ក្រុមជម្រើសជាតិស្រីលង្កាវិញ នាថ្ងៃទី១០ ខែកញ្ញាខាងមុខ ដើម្បីកាត់សេចក្ដីរកក្រុមឈ្នះឡើងទៅវគ្គបន្ដ នៃពានរង្វាន់ AFC Asian Cup Saudi Arabia 2027៕