(ភ្នំពេញ)៖ មន្ទីរពហុព្យាបាលអន្តរជាតិខេមា និងក្រុមហ៊ុន ហ្វតតេ អ៉ិនសួរឹនស៍ (ខេមបូឌា) នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤នេះ បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរថែមមួយកម្រិតទៀត ក្នុងការផ្តល់សេវាពិនិត្យ ថែទាំ និងព្យាបាលជំងឺជូនអតិថិជនរបស់ក្រុមហ៊ុនហ្វតតេ។
សម្រាប់ពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាថ្មីនេះ គឺផ្តោតសំខាន់ទៅលើផលិតផលបន្ថែមរបស់ក្រុមហ៊ុន ហ្វតតេ ចំនួនពីរ គឺ១) បណ្ណសន្យារ៉ាប់រងសម្រាកពេទ្យ និងវះកាត់ (H&S) និង ២) បណ្ណសន្យារ៉ាប់រងគ្រោះថ្នាក់បុគ្គល (PA)។ ខណៈអស់រយៈពេលជាច្រើនឆ្នាំមកនេះ មន្ទីរពហុព្យាបាលអន្តរជាតិខេមា និងក្រុមហ៊ុន ហ្វតតេ បានចាប់ដៃគូសហការគ្នាក្នុងការផ្តល់សេវាពិនិត្យ ថែទាំ និងព្យាបាលជំងឺជូនអតិថិជនរបស់ក្រុមហ៊ុន ហ្វតតេ ដែលត្រូវបានធានានៅក្រោមបណ្ណសន្យារ៉ាប់រង Medi+ SafetyNet FigtreeBlue និង EmCare។
លោក ស៊ុយ ចាន់ថារ៉ុង អគ្គនាយកនៃក្រុមហ៊ុន ហ្វតតេ អ៉ិនសួរិន៍ បានថ្លែងបណ្ដាញព័ត៌មាន Fresh News ថា ការចុះអនុស្សារណៈយោគយល់គ្នាជាមួយមន្ទីរពហុព្យាបាលអន្ដរជាតិខេមា ដើម្បីផ្ដល់ជាកញ្ចប់ ឬគម្រោងហិរញ្ញវត្ថុជូនទៅដល់អតិថិជននៅពេលដែលមានបញ្ហាសុខភាព ឬគ្រោះថ្នាក់ជាយថាហេតុ គឺអាចទៅទទួលសេវាសុខាភិបាលប្រកបដោយស្ដង់ដារខ្ពស់នៅកម្ពុជា បានយ៉ាងលឿនរហ័សទាន់ចិត្ដ ២៤ម៉ោងលើ២៤ម៉ោងនៅគ្រប់សាខារបស់មន្ទីរពេទ្យអន្ដរជាតិខេមា។
លោក ស៊ុយ ចាន់ថារ៉ុង បានថ្លែងបន្ដថា «ក្នុងនាមក្រុមហ៊ុន ហ្វតតេ ដែលជាក្រុមហ៊ុនឈានមុខគេមួយលើវិស័យធានារ៉ាប់រងនៅកម្ពុជា យើងត្រូវតែជ្រើសរើសចាប់ដៃគូយុទ្ធសាស្ដ្រដែលមានលក្ខណៈស្ដង់ដារដូចគ្នា ដើម្បីផ្ដល់សេវាកម្មដ៏ពិសេសជូនដល់អតិថិជនរបស់យើង»។
លោកបន្ដថា ការទិញធានារ៉ាប់រងអាយុជីវិត គឺជាការការពារហានិភ័យដែលកើតឡើងជាយថាហេតុណាមួយលើសុខភាព ដូចជាករណីធ្លាក់ខ្លូនឈឺ ឬគ្រោះថ្នាក់ចៃដន្យជាដើម អតិថិជនរបស់យើង អាចទៅរកដៃគូយុទ្ធសាស្ដ្រ (មន្ទីរពេទ្យអន្ដរជាតិខេមា) របស់យើងដែលមានស្រាប់ ។នេះគឺធ្វើឱ្យអតិថិជនរបស់យើងមានភាពងាយស្រួលក្នុងការទទួលសេវាកម្មសុខាភិបាលមួយ ដែលមានសុវត្ថិភាព ប្រសិទ្ធិភាព និងទំនុកចិត្ដខ្ពស់ ដោយមិនមានការព្រួយអ្វីទាំងអស់។
ជាមួយគ្នានោះ លោកវេជ្ជបណ្ឌិត អ៊ុំ សុភាព នាយកប្រតិបត្តិមន្ទីរពហុព្យាបាលអន្តរជាតិខេមា បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ថា ការចុះអនុស្សារណៈយោគយល់គ្នានេះ គឺជាការប្រែក្លាយពីដៃគូសហការ មកជាដៃគូយុទ្ធសាស្ដ្រគ្រប់ជ្រុងជ្រោយ ក្នុងគោលបំណងបម្រើអតិថិជនរបស់យើងឱ្យបានល្អប្រសើរឡើងបន្ថែមទៀត។
លោកវេជ្ជបណ្ឌិតបានថ្លែងទៀតថា «ពេលដែលយើងចាប់ដៃគូជាយុទ្ធសាស្ដ្រនេះ គឺយើងបានរៀបចំច្រកចេញចូលដ៏ពិសេសមួយ ដើម្បីធានាថាការផ្ដល់សេវាសុខភាពទាន់ពេលវេលា ជាមួយគុណភាពស្ដង់ដាររបស់មន្ទីរពេទ្យ នៅគ្រប់សាខារបស់មន្ទីរពហុព្យាលបាលអន្ដរជាតិខេមា ជូនដល់អតិថិជនរបស់ក្រុមហ៊ុន ហ្វតតេ អ៉ិនសួរិន៍» ។
លោកបានបន្ដថា «ក្រុមហ៊ុន ហ្វតតេ ជាក្រុមហ៊ុនធានារ៉ាប់រងដ៏ចំណាស់ និងធំជាងគេមួយនៅក្នុងវិស័យធានារ៉ាប់រងនៅកម្ពុជា ។ចឹងអតិថិជនរបស់ក្រុមហ៊ុន គឺមានចំនួនច្រើន ដូច្នេះបានជាយើងពង្រឹងកិច្ចសហប្រតិបត្ដិការបន្ថែមទៀត ដើម្បីឱ្យការមកទទួលសេវាកម្មឱ្យកាន់តែល្អ រហ័ស និងពេញចិត្ដប្រកបដោយទំនុកចិត្ដខ្ពស់»។
លោកវេជ្ជបណ្ឌិតបានគូសបញ្ជាក់ថា កត្ដាសុខភាព ជាបញ្ហាចម្បង សម្រាប់អ្នកដែលមិនទាន់ឈឺ មិនទាន់គិតថាសុខភាពចម្បងនោះទេ ដល់ពេលធ្លាក់ខ្លួនឈឺ ទើបគិតថាគ្មានអ្វីថ្លៃឬសំខាន់ជាងសុខភាពនោះទេ ។ចឹងការមានធានារ៉ាប់រងសុខភាព គឺជាចំណុចដ៏សំខាន់មួយពេលដែលមានរឿងជាយថាហេតុ នោះនឹងមិនព្រួយពីការស្វែងរកមន្ទីរពេទ្យដែលមានគុណភាពស្ដង់ដារសម្រាប់សង្គ្រោះ និងបញ្ហាហិរញ្ញវត្ថុនោះឡើយ។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ មន្ទីរពហុព្យាបាលអន្តរជាតិខេមា មានសេវាកម្មសំខាន់ៗដូចជា៖ ព្យាបាលរបួសនិងសង្គ្រោះបន្ទាន់២៤ម៉ោងរៀងរាល់ថ្ងៃ ឯកទេសជំងឺទូទៅ ឯកទេសជំងឺកុមារ ឯកទេសជំងឺវះកាត់ទូទៅ ឯកទេសជំងឺតម្រងនោមនិងលាងឈាម ឯកទេសជំងឺបេះដូងនិងសរសៃឈាម ឯកទេសជំងឺក្រពះ ពោះវៀន និងថ្លើម ឯកទេសជំងឺទឹកនោមផ្អែមនិងជំងឺក្រពេញអ័រម៉ូន ឯកទេសផ្នែកវះកាត់មុខមាត់-ឆ្អឹងថ្គាមនិងបាក់បែកឆ្អឹង ឯកទេសជំងឺប្រព័ន្ធប្រសាទ វះកាត់ខួរក្បាលនិងឆ្អឹងខ្នង ឯកទេសរោគស្ត្រីនិងសម្ភព ឯកទេសព្យាបាលដោយចលនានិងស្តានិតិសម្បទា ការពិនិត្យឈាមនិងរូបភាពវេជ្ជសាស្ត្រ៕