(វ៉ាស៊ីនតោន)៖ កីឡាការិនី Alex Morgan ដែលធ្លាប់រួមចំណែកជួយក្រុមជម្រើសជាតិស្រ្តីសហរដ្ឋអាមេរិក ឈ្នះជើងឯកបាល់ទាត់ពិភពលោក ២សម័យក្នុងឆ្នាំ២០១៥ និងឆ្នាំ២០១៩ បានប្រកាសចូលនិវត្តន៍ជាផ្លូវការហើយ ត្រឹមវ័យ ៣៥ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។
Morgan លេងក្នុងតំបន់ប្រយុទ្ធបានបង្ហោះវីដេអូពីការចូលនិវត្តន៍របស់នាង នៅលើបណ្តាញសង្គមកាលពីថ្ងៃព្រហស្បតិ៍ ទី០៥ ខែកញ្ញា ឆ្នាំ២០២៤ ដោយបានបញ្ជាក់ពីការពពោះកូនទី២ ទៀតផង។
គួរបញ្ជាក់ផងថា Alex Morgan ស៊ុតបាន ១២៣គ្រាប់ និងបញ្ជូនបាន ៥៣គ្រាប់ ពីការចូលលេងសរុបចំនួន ២២៤ប្រកួតជាមួយជម្រើសជាតិអាមេរិក មុនពេលប្រកាសព្យួរស្បែកជើង។
ខ្សែប្រយុទ្ធ ដែលជាកីឡាការិនីល្បីរន្ទឺឈរនៅលំដាប់ជួរមុខពិភពលោកមួយនេះ នឹងលេង ១ប្រកួតចុងក្រោយនៅរាត្រីថ្ងៃអាទិត្យចុងសប្តាហ៍នេះ នៅពេលក្លិបរបស់នាង San Diego ប្រកួតទល់នឹងក្រុម North Carolina Courage។
នាងបានបញ្ជាក់ថា «ឆ្លងកាត់ការពិចារណាដ៏យូរមកនេះ វាពុំមែនជាការសម្រេចចិត្តដ៏ងាយស្រួលឡើយ ក៏ប៉ុន្តែនៅដើមឆ្នាំ២០២៤ ខ្ញុំមានអារម្មណ៍ថា នេះគឺជាពេលវេលាចុងក្រោយសម្រាប់ខ្ញុំហើយ ក្នុងការលេងបាល់ទាត់»៕