(ភ្នំពេញ)៖ ព្រឹត្តិការណ៍រត់ប្រណាំង AIA Pink Run ឆ្នាំ២០២៤ នឹងត្រឡប់មកវិញជាថ្មីនាថ្ងៃទី១៣ ខែតុលាខាងមុខ នៅមុខសួនច្បារវត្តបទុមវតី ខណៈគណៈកម្មការរៀបចំ បានដាក់គោលដៅនឹងមានកីឡាករ-កីឡាការិនីយ៉ាងហោច ៣ ទៅ ៤ពាន់នាក់ចូលរួមកម្មវិធីនេះ ដែលនឹងប្រព្រឹត្តក្រោមគោលបំណង ៣សំខាន់ៗ ពិសេសដើម្បីអបអរសាទរពិធីសម្ពោធបើកការដ្ឋានសាងសង់គម្រោង «ព្រែកជីកហ្វូណនតេជោ» កាលពីថ្មីៗ។

នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក្នុងសន្និសីទសារព័ត៌មាន នាល្ងាចថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្នាក់ការ NOCC ស្របពេលការចុះឈ្មោះចូលរួមព្រឹត្តិការណ៍កីឡារត់កម្សាន្ដ ដើម្បីសុខភាព សប្បុរសធម៌ និងការងារសង្គមនេះ នៅសល់រយៈពេលប្រមាណ ១សប្ដាហ៍ទៀតប៉ុណ្ណោះ។

លោកថា នេះជាលើកទី២ ហើយ ដែលព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងចូលរួមផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹង ក៏ដូចជាទប់ស្កាត់ជំងឺមហារីកសុដន់ និងរត់ដើម្បីសប្បុរសធម៌ ដោយថវិកាទទួលបានពីរាល់ការចុះឈ្មោះ នឹងត្រូវបរិច្ចាគ ១ដុល្លារ ជួយដល់មន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹម ដែលជាមន្ទីរពេទ្យមួយជំនាញទាំងការពិនិត្យ និងព្យាបាលសុខភាពស្រ្តីរួមទាំងជំងឺមហារីកសុដន់។

អ្វីដែលពិសេសឆ្នាំនេះ ស្របពេលរាជរដ្ឋាភិបាល ក៏ដូចជាប្រជាពលរដ្ឋ កំពុងអបអរសាទរការបើកការដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូណនតេជោកាលពីថ្មីៗ គណៈកម្មការរៀបចំព្រឹត្តិការណ៍នេះ ក៏បានដាក់គោលដៅរត់ដើម្បីអបអរសាទរសមិទ្ធផលថ្មីនេះផងដែរ។

លោក វ៉ាត់ ចំរើន បន្ដថា «គោលដៅនៃព្រឹត្តិការណ៍រត់ប្រណាំង AIA Pink Run ឆ្នាំ២០២៤ នេះ គឺផ្តោតសំខាន់ទៅលើការអបអរសាទរពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ដែលជាព្រែកជីកមួយមានគុណតម្លៃខ្ពស់សម្រាប់សេដ្ឋកិច្ច និងប្រទេសជាតិ តទៅជំនាន់ក្រោយៗទៀត ដោយជួយដល់សេដ្ឋកិច្ចជាតិផង ជួយដល់ជីវភាពរបស់ប្រជាពលរដ្ឋ ក្នុងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងលើកកម្ពស់សេដ្ឋកិច្ចជាតិឆ្ពោះទៅសម្រេចនូវចក្ខុវិស័យរបស់កម្ពុជានាឆ្នាំ២០៣០ និងឆ្នាំ២០៥០»

អគ្គលេខាធិការ NOCC បានបន្ថែមថា ក្រៅពីគោលបំណង ៣សំខាន់ៗខាងលើ ព្រឹត្តិការណ៍នេះ ក៏មានគោលបំណងតូចៗផ្សេងទៀតដែរ ដូចជាការរៀបចំដើម្បីបំផុសចលនាកីឡាដើម្បីសុខភាព និងបង្កលក្ខណៈសប្បាយរីករាយដល់ប្រជាពលរដ្ឋ ក្រោមម្លប់សន្ដិភាពជាដើម ព្រោះវិញ្ញាសារត់នេះ គឺជាកីឡាមួយប្រភេទ ដែលប្រកបដោយគុណប្រយោជន៍សម្រាប់សុខភាពប្រជាពលរដ្ឋគ្រប់វ័យ ទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្តផងដែរ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍រត់ប្រណាំង AIA Pink Run 2024 នាថ្ងៃទី១៣ ខែតុលាខាងមុខ គឺមាន ៣វិញ្ញាសា រួមមានរត់ចម្ងាយ ១០គីឡូម៉ែត្រ ៥គីឡូម៉ែត្រ និង ២,៥គីឡូ។ បច្ចុប្បន្នព្រឹត្តិការណ៍នេះ មានអ្នកចុះឈ្មោះចូលរួមប្រមាណជិត ២ពាន់នាក់ហើយ ខណៈគណៈកម្មការរៀបចំ បានដាក់គោលដៅអ្នកចូលរួមចន្លោះពី ៣ពាន់ ទៅ ៤ពាន់នាក់។ ចំពោះកាលបរិច្ចេទនៃការទទួលពាក្យចូលរួម គ្រោងនឹងបិទបញ្ចប់នាថ្ងៃទី១១ ខែកញ្ញាខាងមុខ៕