(បរទេស)៖ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ YouTube បានប្រកាសបិទ Channel ក្រុមហ៊ុន Tenet Media និង Channel ចំនួន ៤បន្ថែមទៀតដែលទាក់នឹងម្ចាស់ក្រុមហ៊ុន Tenet លោកស្រី Lauren Chen បន្ទាប់ពីមានការចោទប្រកាន់ពីក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤។
ការសម្រេចនេះ កើតឡើងបន្ទាប់ពីមានការចោទប្រកាន់លើបុគ្គលិកចំនួនពីរនាក់ដែលបម្រើការងារនៅបណ្តាញសារព័ត៌មានរដ្ឋរុស្ស៊ី RT ដែលត្រូវបានចោទពីបទចូលរួមក្នុងគម្រោងលាងលុយកខ្វក់ ដែលមានគោលបំណងជះឥទ្ធិពលដល់ការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤ នៅសហរដ្ឋអាមេរិក។ យោងតាមការចោទប្រកាន់ នៅថ្ងៃពុធសប្តាហ៍នេះ ជនជាប់ចោទបានប្រើប្រាស់ឈ្មោះក្រុមហ៊ុន និងអត្តសញ្ញាណក្លែងកា្លយ ដើម្បីផ្តល់ប្រាក់ចំនួន ១០លានដុល្លារដល់ក្រុមហ៊ុនមិនបញ្ចេញឈ្មោះ ឬ (unnamed Tennessee company) ហើយត្រូវបានប្រគល់ភារកិច្ចឱ្យផលិតមាតិកាតាមអ៊ីនធឺណិតជាការបិទបាំង និងដើម្បីពង្រីកការបំផុសបំផុលនយោបាយ។
តែយ៉ាងណាបើទោះបីជាការចោទប្រកាន់នេះមិនបានបញ្ចេញឈ្មោះឱ្យចំៗពី Tenet Media ក៏ដោយ ប៉ុន្តែត្រូវបានគេសន្និដ្ឋានជាក្រុមហ៊ុននេះ និងបានរកឃើញព័ត៌មានលម្អិតមួយចំនួនទាក់ទងនឹងសកម្មភាពរបស់ Tenet ដែលរួមមានការបង្ហោះវីដេអូជិត ២,០០០ ទៅក្នុង YouTube ក្នុងពេលពេលជិតមួយឆ្នាំមកនេះ។
គួរជម្រាបថា មកដល់ពេលនេះក្រុមហ៊ុន Tenet នៅមិនទាន់មានការបកស្រាយណាមួយទាក់ទងនឹងបញ្ហានេះនោះទេ៕