(បរទេស)៖ ថ្មីៗនេះទទួលបានដំណឹងមកថា ក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota Motor នឹងកាត់បន្ថយគោលដៅផលិតកម្មរថយន្តអគ្គិសនី (EV) ជាសកលរបស់ខ្លួនសម្រាប់ឆ្នាំ២០២៦ ប្រមាណ ៣០ភាគយមកនៅត្រឹម ១លានគ្រឿង ពោលគឺធ្លាក់ចុះពីផែនការលក់ដែលបានប្រកាសពីមុនចំនួន ១.៥លានគ្រឿង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Nikkei Asia នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤។

ការសម្រេចចិត្តនេះ ត្រូវបានប្រភពចេញផ្សាយ Nikkei Asia លើកឡើងថា គឺជាការឆ្លើយតបទៅនឹងការធា្លក់ចុះនៃទីផ្សាររថយន្តអគ្គិសនីទូទាំងពិភពលោក ដែលបានប៉ះពាល់ដល់តម្រូវការរថយន្តអគ្គិសនីជប៉ុន។ យ៉ាងណាមិញទាក់ទិននឹងប្រកាសនេះ ក្រុមហ៊ុន Toyota បានបង្ហើបថា ខ្លួនបានជូនដំណឹងដល់អ្នកផ្គត់ផ្គង់គ្រឿងបន្លាស់របស់ខ្លួនរួចរាល់ហើយអំពីផែនការកាត់បន្ថយការផលិតដ៏ធំនេះ។

គួរជម្រាបថា នៅក្រោមផែនការថ្មីនេះ ក្រុមហ៊ុន Toyota មានគោលបំណងផលិតរថយន្តអគ្កិសនី EV ច្រើនជាង ៤០ម៉ឺនគ្រឿងនៅឆ្នាំ២០២៥ និងផលិតច្រើនជាងពីរដងនៅឆ្នាំបន្ទាប់ ពោលគឺប្រហែល ៨០ម៉ឺនគ្រឿងប៉ុណ្ណោះ។ យ៉ាងណាមិញ ការកាត់បន្ថយទាំងនេះទំនងមកពីការប្រកួតប្រជែងខ្លាំងពីដៃគូប្រកួតប្រជែងក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន ជាពិសេស BYD ខណៈបច្ចុប្បននេះ កំពុងកើនឡើងប្រជាប្រិយភាព៕