(ប៊ូដាផេស)៖ ប្រធានក្រុម Kevin de Bruyne រកបាន ២គ្រាប់បញ្ចូលទី រួមចំណែកជួយក្រុមជម្រើសជាតិប៊ែលហ្សិក យកឈ្នះអ៊ីស្រាអែល ៣-១ ក្នុងថ្ងៃបើកឆាកពានលីគអឺរ៉ុប UEFA Nations League 2024-2025 នាយប់មិញ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

២គ្រាប់របស់របស់ខ្សែបម្រើមកពីក្លិបអង់គ្លេស Manchester City រូបនេះ គឺបានកើតឡើងនៅនាទី២១ ពីការបញ្ជូនរបស់មិត្តរួមក្រុម Jeremy Doku នៅមុនពេលសម្រេចគ្រាប់ទី២ ដោយបាល់ប៉េណាល់ទីនៃដើមវគ្គទី២ ស្ថិតក្នុងកីឡដ្ឋាន Nagyerdei តាមរយៈលេងបិទទ្វារផងដែរនៅប្រទេសហុងគ្រី ប្រចាំក្រុម២ League A។

ការប្រកួតក្នុងម៉ោងធម្មតា ៩០នាទីពេញ Yuri Tielemans ក៏បានរួមចំណែករកបាន ១គ្រាប់ផងដែរ ខណៈ ១គ្រាប់របស់អ៊ីស្រាអែល គឺជាការធ្វេសប្រហែសចូលទីខ្លួនឯងរបស់ខ្សែការពារ Castagne នៅនាទី៣៦។

គួរបញ្ជាក់ផងថា ការលេងបិទទ្វារដែលត្រូវបានជ្រើសរើសប្រទេសហុងគ្រី ជាទីតាំងប្រកួតនេះ បន្ទាប់ពីទីក្រុងជាច្រើននៃប្រទេសប៊ែលហ្សិក បានបដិសេធក្នុងការធ្វើម្ចាស់ផ្ទះ ដោយបារម្ភពីបញ្ហាសុវត្ថិភាព ស្របពេលអ៊ីស្រាអែល បានកំពុងមានសង្រ្គាមនៅតំបន់ Gaza មិនទាន់បានបញ្ចប់នៅឡើយ៕