(រីយ៉ាដ)៖ កីឡាករស្នូកឃើ Mark Williams បានឡើងវគ្គផ្តាច់ព្រ័ត្រដណ្តើមពាន Saudi Masters 2024 ដោយត្រូវប៉ះជើងខ្លាំងដែលឈរនៅលំដាប់លេខ១ ពិភពលោកបច្ចុប្បន្នគឺ Judd Trump ក្រោយទម្លាក់គូប្រជែងរៀងៗខ្លួនរួចមក។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

ជំនួបវគ្គផ្តាច់ព្រ័ត្ររបស់កីឡាករអន្តរជាតិវ៉េលខាងលើនេះ នឹងធ្វើឡើងនៅទីក្រុង Riyahd ប្រទេសអារ៉ាប៊ីសាអូឌីត នារាត្រីថ្ងៃសៅរ៍នេះតែម្តង បន្ទាប់ពី Williams បានទម្លាក់កីឡាករចិន Si Jiahui ដោយលទ្ធផល ៦-៣ ពីក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររួចមក ស្របពេល Trump របស់អង់គ្លេសបានយកឈ្នះ Shaun Murphy ៦-៥ ដែរ។

ក្នុងប្រកួតនាយប់មិញនេះដែរ Jiahui ដែលបានទម្លាក់ជើងខ្លាំង Ronnie O’Sullivan ពីក្នុងវគ្គ ៨នាក់មកនោះ បានបើកការនាំមុខដោយស្រួលតាំងពីសិតដំបូងៗ នៅមុនពេលកីឡាករចាស់វស្សា វ័យ ៤៩ឆ្នាំ Williams វាយបកឈ្នះ ៤សិតចុងក្រោយ ក្នុងប្រកួត ១១សិតសរុប។

គួរបញ្ជាក់ផងថា សម្រាប់ម្ចាស់ជើងឯក Saudi Masters 2024 នៅនារាត្រីថ្ងៃសៅរ៍នេះ នឹងទទួលបានរង្វាន់ជាប្រាក់សរុបជាង ៦៥ម៉ឺនដុល្លារផងដែរ ដែលជាទឹកប្រាក់ដ៏ច្រើនបំផុតមួយ ក្រៅតែពីព្រឹត្តិការណ៍ជើងឯកពិភពលោក World Championship៕