(បរទេស)៖ នៅក្នុងត្រីមាសទី២ នៃឆ្នាំ២០២៤ នេះ ក្រុមហ៊ុនចិន Huawei បានក្លាយជាក្រុមហ៊ុនឈានមុខគេនៅក្នុងទីផ្សារនាឡិកាឆា្លតវៃសកល ដោយបានវ៉ាដាច់ដៃគូប្រកួតប្រជែងកំពូលៗដូចជា Apple និង Samsung។ ប្រភពទិន្នន័យពី IDC បានឱ្យដឹងថា ក្រុមហ៊ុន Hawei បាននាំចេញនាឡិកាសរុបចំនួន ៨.៩លានគ្រឿងនៅទូទាំងពិភពលោក និងបានកាន់កាប់ចំណែកទីផ្សាររហូតដល់ ២០.៣ភាគរយឯណោះតែម្នាក់ឯង។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena។

ប្រទេសចិន គឺជាទីផ្សារដ៏ធំបំផុតទី២ នៅលើពិភពលោក ហើយក្នុងត្រីមាសទី២ កន្លងទៅនេះ Huawei បានដឹកជញ្ជូននាឡិកាបានចំនួន ៦លានគ្រឿង និងបានពង្រីកចំណែកទីផ្សារក្នុងស្រុករបស់ខ្លួនដល់ ៣៨.៤ភាគរយ។ យ៉ាងណាមិញ ជុំវិញកំណើនដ៏ខ្លាំងរបស់ក្រុមហ៊ុន Huawei ត្រូវបានប្រភពឱ្យដឹងថា បានមកពីតម្រូវការដ៏អស្ចារ្យសម្រាប់នាឡិកាឆ្លាតវៃជំនាន់ចុងក្រោយរបស់ខ្លួនម៉ូដែល Watch Fit 3 ដែលជាកត្តាជម្រុញកំណើនដ៏សំខាន់នៅទូទាំងពិភពលោក។ ក្រៅតែពីប្រភទេសចិន Hawei ក៏បាននាំគ្រប់គ្រងចំណែកទីផ្សារលក់នាឡិកាដៃឆ្លាតវៃរបស់ខ្លួននៅទូទាមងអឺរ៉ុបកណ្តាល និងខាងកើត ប្រទេសអាហ្វ្រក និងអាមេរិកឡាទីនផងដែរ។

យោងតាមទិន្នន័យពី IDC ដដែលបានបង្ហាញថា តាមពីក្រោយក្រុមហ៊ុន Hawei ជាមួយគ្នានេះ ក្រុមហ៊ុន Xiaomi បានជាប់ចំណាត់ថ្នាក់លេខ ២ នៅលើឆាកអន្តរជាតិ ជាមួយនឹងការនាំចេញសរុបចំនួន ៥.៩លានគ្រឿង និងបានកាន់កាប់ចំណែកទីផ្សារ ១៣.៥ភាគរយ។​ ដោយឡែក Apple ឈរនៅចំណាត់ថ្នាក់លេខ ៣ បាននាំចេញចំនួន ៥.៧លានគ្រឿង, Samsung ឈរនៅចំណាត់ថ្នាក់ទី៤ បាននាំចេញចំនួន ៣.៣លានគ្រឿង និង BBK បាននាំចេញចំនួន ២.៩លានគ្រឿង ខណៈដែលនាឡិកាដៃឆ្លាតវៃនៅក្នុងត្រីមាសទី២ កន្លងទៅនេះបានដឹកជញ្ជូនសរុប ៤៣.៧លានគ្រឿងនៅទូទាំងពិភពលោក។

គួរជម្រាបដែរថា ក្រុមហ៊ុន Apple បានធ្លាក់ចុះប្រមាណ ១២ភាគរយនៃការនាំចេញ Apple Watch ទាំងនេះត្រូវបានប្រភពបញ្ជាក់ថា ដោយសារតែការប្រកួតប្រជែងលើតម្លៃខ្លាំងពីដៃគូប្រគួតប្រជែងរបស់ចិន៕