(ភ្នំពេញ)៖ ការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្តេចធិបតី» លើកទី១ នឹងប្រព្រឹត្តទៅ នាថ្ងៃទី១៨-២០ ខែតុលា ឆ្នាំ២០២៤ ខាងមុខ ខណៈការចុះឈ្មោះនៅសល់រយៈពេលជាង ៣សប្ដាហ៍ទៀតប៉ុណ្ណោះ។ នេះបើតាមការបបញ្ជាក់របស់លោក វ៉ាត់ ចំរើន អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មការចំពោះកិច្ចរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្តេចធិបតី (គ.ច.យ.ខ.ព)។

មុននឹងឈានដល់ការប្រកួតនេះដែរ គណៈកម្មការចំពោះកិច្ចខាងលើ ក៏បានរៀបចំនូវកិច្ចប្រជុំ ក៏ដូចជាសិក្ខាសាលា និងវគ្គបណ្ដុះបណ្ដាលជាបន្ដបន្ទាប់ ដើម្បីត្រៀមលក្ខណៈ និងបញ្ជ្រាបនូវការយល់ដឹងផ្សេងៗ ពិសេសពាក់ព័ន្ធនឹងបទបញ្ជាការប្រកួតដល់គ្រប់ភាគីពាក់ព័ន្ធ។ ក្នុងនោះថ្នាក់ដឹកនាំ គ.ច.យ.ខ.ព ក៏បានផ្ដល់ព័ត៌មានលម្អិតពាក់ព័ន្ធនឹងប្រាក់រង្វាន់លើកទឹកចិត្ត សម្រាប់កីឡាករ-កីឡាការិនីជយលាភី នៃការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្ដេចធិបតី” លើកដំបូងនេះផងដែរ។

លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា ព្រឹត្តិការណ៍នេះ មានវិញ្ញាសាសរុបចំនួន ១៤ ដោយបែងចែកជា ៣កម្រិត គឺការប្រកួតកម្រិតអាជីព ស្ម័គ្រចិត្ត និងការសម្ដែង ។ ចំពោះប្រាក់រង្វាន់លើទឹកចិត្តវិញ សម្រាប់ការប្រកួតកម្រិតអាជីព មេដាយមាស នឹងទទួលបាន ៣,០០០ដុល្លារ, មេដាយប្រាក់ ទទួលបាន ២,០០០ដុល្លារ, មេដាយសំរឹទ្ធ ១,០០០ដុល្លារ ។ ចំណែកការប្រកួតស្ម័គ្រចិត្ត និងសម្ដែង មេដាយមាស ទទួលបាន ២,៥០០ដុល្លារ, មេដាយប្រាក់ ២,០០០ដុល្លារ និងមេដាយសំរឹទ្ធ ១,០០០ដុល្លារ។

រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ NOCC ដដែលបន្ដថា «នេះជាប្រាក់រង្វាន់លើកទឹកចិត្តផ្ទាល់របស់សម្តេចមហាបវរធិបតី នៅក្នុងការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណពានរង្វាន់សម្តេចធិបតី លើកទី១ ដែលគ្រោងនឹងដំណើរការជាផ្លូវការពីថ្ងៃទី១៨-២០ ខែតុលា ឆ្នាំ២០២៤ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក។ នេះក៏ជាការជំរុញលើកទឹកចិត្តដល់កីឡាករ-កីឡាការិនីក្រោយៗទៀតមានការខិតខំប្រឹងប្រែងហ្វឹកហាត់ សម្រាប់ព្រឹត្តិការណ៍បន្តបន្ទាប់ទៀត»

«លើសពីនេះ យើងនឹងបង្កើតក្រុមព្រឹទ្ធាចារ្យយុទ្ធគុនចម្រុះមួយ ដើម្បីពិនិត្យ និងវាយតម្លៃចំពោះកីឡាករ ឬកីឡាការិនីដែលឆ្នើមជាងគេ (តាមប្រភេទវិញ្ញាសានីមួយៗ) ដែលប្រកួតមានលក្ខណៈបច្ចេកទេសល្អ មានការគោរពអាជ្ញាកណ្តាល ចៅក្រមបានល្អ គោរពទស្សនិកជនបានល្អ ប្រកួតមានគោលការណ៍ Fair Play ដោយក្នុងស្ថានភាពគ្រោះថ្នាក់ មិនវាយថែមលើដៃគូប្រកួត គឺនឹងទទួលបានពានពិសេសមួយទៀតពីសម្តេចធិបតី អមដោយរង្វាន់ម៉ូតូស៊េរីថ្មី ១គ្រឿង ដែលមានតម្លៃប្រមាណ ៣,០០០ដុល្លារ» ។ លោក វ៉ាត់ ចំរើន បន្ថែម។

ដូច្នេះពាក់ព័ន្ធនឹងរង្វាន់លើកទឹកចិត្តនេះ លោកបានផ្សព្វផ្សាយច្បាស់ៗដល់គ្រូបង្វឹកទាំងអស់ ដែលមកពីសហព័ន្ធកីឡាជាតិ ដូចជាប្រដាល់គុនខ្មែរ គុនល្បុក្កតោ យុទ្ធក្រមខម និងយុទ្ធគុនចម្រុះ រួចហើយ ដើម្បីផ្សព្វផ្សាយដល់សិស្សគុនរបស់ខ្លួន តាមរយៈវគ្គបណ្ដុះបណ្ដាល កាលពីថ្មីៗ ដើម្បីត្រៀមលក្ខណៈចូលរួមប្រកួតឲ្យបានច្រើនកុះករ និងប្រកបដោយក្រមសីលធម៌ខ្ពស់ ដ្បិតកីឡាករ-កីឡាការិនីឆ្នើមៗ ប្រចាំវិញ្ញាសាទាំង ១៤ នឹងមានឱកាសទទួលបានរង្វាន់ពិសេស គឺម៉ូតូដូចៗគ្នា ។

អនុប្រធានអចិន្ត្រៃយ៍ គ.ច.យ.ខ.ព ដដែលបានសង្កត់ធ្ងន់ទៀតថា នេះគឺជាការលើកទឹកចិត្តដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ចំពោះការខិតខំរបស់កីឡាករ-កីឡាការិនី។ អ្វីដែលពិសេស សម្ដេចធិបតី បានឯកភាពហើយថា សម្តេចនឹងអញ្ជើញផ្តល់កិត្តិយសជាអធិបតីក្នុងពិធីបិទការប្រកួត និងផ្តល់រង្វាន់ដោយផ្ទាល់ដល់កីឡាករ-កីឡាការិនីជយលាភីទៀតផង។ ដោយហេតុនេះ លោក វ៉ាត់ ចំរើន បានអំពាវនាវដល់កីឡាករ-កីឡាការិនី ទាំង ទាំងស្ថិតក្រោមសហព័ន្ធ ឬក្លិប ឬមិនមានសហព័ន្ធ ឬក្លិបក្តី រួសរាន់ចុះឈ្មោះ ដ្បិតការទទួលពាក្យនឹងត្រូវបិទបញ្ចប់នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខ៕