(ភ្នំពេញ)៖ តំណាងសហព័ន្ធកីឡាវាយកូនបាល់ នៃបណ្ដាប្រទេសក្នុងទ្វីបអាស៊ីចំនួន ៣១ប្រទេស បានចូលរួមសិក្ខាសាលាស្ដីពីការអភិវឌ្ឍកីឡាវាយកូនបាល់អាស៊ី នៅរាជធានីភ្នំពេញ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី០៧-០៩ ខែកញ្ញា ឆ្នាំ២០២៤ ដើម្បីដោះស្រាយនូវបញ្ហាប្រឈម និងពង្រឹងការអភិវឌ្ឍវិស័យកីឡានេះឲ្យកាន់តែរីកចម្រើន ទាំងបណ្ដាប្រទេសសមាជិក ក៏ដូចជាសហព័ន្ធកីឡាវាយកូនបាល់អាស៊ីផងដែរ ។

លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា និងជាសមាជិកក្រុមប្រឹក្សាភិបាលសហព័ន្ធកីឡាវាយកូនបាល់អាស៊ី បានថ្លែងក្នុងពិធីបើកសិក្ខាសាលាខាងលើថា ការជួបជុំគ្នា រវាងថ្នាក់ដឹកនាំ មន្ដ្រីរដ្ឋបាល ដែលជាតំណាងសហព័ន្ធកីឡាវាយកូនបាល់ក្នុងទ្វីបអាស៊ីនេះ គឺដើម្បីជជែកពិភាក្សាអំពីបញ្ហាប្រឈម ដែលបណ្ដាប្រទេសសនីមួយៗបានជួបប្រទះ ហើយស្វែងរកដំណោះស្រាយ ដើម្បីឆ្ពោះទៅរកការអភិវឌ្ឍកាន់តែរឹងមាំ និងរីកចម្រើនបន្ថែម ។

លោកបន្ថែមថា នេះជាលើកទី២ ដែលកម្ពុជាទទួលបានសិទ្ធធ្វើម្ចាស់ផ្ទះរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះ ដែលមានសិក្ខាកាមរហូតដល់ ៦០នាក់ មកពី ៣១ប្រទេសចូលរួម ។ នេះគឺជាការបោះជំហានថ្មីមួយទៀត សម្រាប់សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ទៅក្នុងការអភិវឌ្ឍកីឡាវាយកូនបាល់អន្ដរជាតិ ជាពិសេសនៅក្នុងទ្វីបអាស៊ី ។

គួរដឹងថា ការរៀបចំសិក្ខាសាលានេះដែរ ស្របពេលកម្ពុជាត្រៀមធ្វើម្ចាស់ផ្ទះការប្រកួតកីឡាវាយកូនបាល់ជើងឯកយុវជនអាស៊ីអាយុក្រោម ១៤ឆ្នាំ (ATF Asian 14U Junior Championship 2024) ចាប់ពីថ្ងៃទី០៩-១៣ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខ នៅមជ្ឈមណ្ឌលកីឡាវាយកូនបាល់ នៃពហុកីឡដ្ឋានជាតិមរតកតេជោ ដោយមានកីឡាករ-កីឡាការិនីវ័យក្មេងចំនួន ៤៨នាក់ មកពី ១៦ប្រទេសក្នុងទ្វីបអាស៊ីចូលរួមផងដែរ ៕