(ភ្នំពេញ)៖ ធនាគារ​វិនិយោគ និងអភិវឌ្ឍន៍កម្ពុជា ភីអិលស៊ី (BIDC) នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ បានប្រារព្ធពិធីទទួលគ្រឿង​ឥស្សរិយយស​ពី​ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជា និងអបអរសាទរខួបលើក១៥ឆ្នាំនៃការបង្កើតធនាគារ (២០០៩-២០២៤) ជាមួយវត្តមាន​តំណាង​ថ្នាក់​ដឹកនាំនៃរាជ​រដ្ឋាភិបាល ក្រសួង​ ស្ថាប័ននៃរាជរដ្ឋាភិបាលកម្ពុជា ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា រួមជាមួយអតិថិជន និងដៃគូជាច្រើន។

នៅឆ្នាំ២០០៩ អនុវត្តតាមគោលនយោបាយរបស់រដ្ឋាភិបាលវៀតណាម និងកម្ពុជា ស្តីពីការ​បង្កើត​​គ្រឹះស្ថានហិរញ្ញវត្ថុមួយ មានភារកិច្ចតភ្ជាប់សេដ្ឋកិច្ចទាំងពីរ ដើម្បីជំរុញសកម្មភាពវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ទ្វេភាគីឈានដល់កម្រិតថ្មីមួយ។ ធនាគារវិនិយោគ និងអភិវឌ្ឍន៍វៀតណាម (BIDV) បានជំរុញនិងបង្កើតធនាគារវិនិយោគនិងអភិវឌ្ឍន៍កម្ពុជា ភីអិលស៊ី (BIDC) ដោយឈរ​លើ​មូលដ្ឋានទិញនិងរៀបចំរចនាសម្ព័ន្ធឡើងវិញនៃធនាគារវិនិយោគរុងរឿងកម្ពុជា។ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០០៩ ធនាគារ BIDC បានធ្វើប្រតិបត្តិការជាផ្លូវការ ហើយបានបញ្ជាក់កាន់តែខ្លាំងអំពី​តួនាទី​សំខាន់របស់ខ្លួននៅក្នុងទីផ្សារកម្ពុជា។

ក្នុងរយៈពេល១៥ឆ្នាំកន្លងមកនេះ ធនាគារ BIDC តែងតែជាគំរូ និងអនុវត្ត​យ៉ាងសកម្ម​គោលនយោបាយ ទិសដៅ និងការណែនាំរបស់រាជរដ្ឋាភិបាល ធនាគារជាតិនៃកម្ពុជា និងបណ្តាស្ថាប័ន​ពាក់ព័ន្ធ​​ ព្រមទាំងផ្តល់សេវាធនាគារ និងហិរញ្ញវត្ថុយ៉ាងសម្បូរបែប​ដល់​អតិថិជន​នៅ​កម្ពុជាលើវិស័យជាច្រើន ដូចជា៖ កសិកម្ម សំណង់ អចលនទ្រព្យ ប្រេងឥន្ធនៈ សម្ភារៈ​ប្រើប្រាស់ សុខាភិបាល អាកាសចរណ៍។ល។ ដោយហេតុនេះ​ រួមចំណែក​យ៉ាងសកម្ម​ដល់ការ​អភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជា និងលើកកម្ពស់ទំនាក់ទំនងកម្ពុជា-វៀតណាម «អ្នកជិត​ខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងយូរអង្វែង»។

ប្រតិបត្តិការអាជីវកម្មនៅក្នុងទីផ្សារដែលមានការប្រកួតប្រជែងខ្លាំង ធនាគារ BIDC បានខិតខំ​ប្រឹងប្រែង​ក្នុងការបំពេញកិច្ចការនយោបាយ ភារកិច្ចអាជីវកម្ម និងសម្រេចបានលទ្ធផល​គួរ​ជាទី​មោទន​ភាព។ បន្ទាប់ពីរយៈពេល១៥ឆ្នាំនៃការអភិវឌ្ឍ បច្ចុប្បន្ននេះ ធនាគារ BIDC បាន​វិវឌ្ឍយ៉ាងខ្លាំងលើទំហំនិងប្រសិទ្ធភាពប្រតិបត្តិការ ដោយក្លាយជាធនាគារពាណិជ្ជ​ខ្នាតធំ​នៅកម្ពុជា។ បើប្រៀបនឹងថ្ងៃបង្កើតដំបូង ដើមទុនចុះបញជីរបស់ធនាគារ BIDC បានកើនឡើងជិត១.៥ដង ដែល​មាន​ចំនួន១០០លានដុល្លារអាមេរិក ទ្រព្យសកម្មសរុបបានកើនឡើង៥.៥ដង ដែល​មាន​ចំនួន៩២០លានដុល្លារអាមេរិក ប្រាក់បញ្ញើរបស់អតិថិជន​បាន​កើន​ឡើង​៤​ដង ដែល​មាន​ចំនួន​៤៥០លាន​ដុល្លារ​អា​មេ​រិ​ក សមតុល្យឥណទានបានកើនឡើង៤.៥ដង ដែល​មានចំនួន៦៥០លាន​ដុល្លារ​អាមេរិក បណ្តា​សាខា​កំពុងពង្រីកកាន់តែខ្លាំងជាមួយនឹងសាខាចំនួន១០នៅក្នុង​តំបន់​​សេដ្ឋកិច្ចសំខាន់នៃ​ប្រទេស​​កម្ពុជា និងវៀតណាម។

ទន្ទឹមជាមួយនឹងសកម្មភាពអាជីវកម្ម ធនាគារ BIDC បានសហការ​ជាមួយ​បណ្តា​អង្គភាព​ពាណិជ្ជ​កម្ម​​របស់ធនាគារ BIDV ដើម្បីអនុវត្តសកម្មភាពសន្តិសុខ​សង្គម​នៅកម្ពុជា​លើវិស័យអប់រំ សុខាភិបាល និងជួយដល់ប្រជាជនដែលរងគ្រោះពីផលប៉ះពាល់នៃ​គ្រោះធម្មជាតិជាដើម ជាមួយថវិកា​សរុបជាង១០លានដុល្លារអាមេរិក។ សកម្មភាពសន្តិសុខ​សង្គម​របស់ធនាគារ BIDC និងបណ្តា​អង្គភាព​​ពាណិជ្ជកម្មរបស់ធនាគារ BIDV បានចូលរួមចំណែក​ក្នុងការលើកកម្ពស់​ជីវភាពរស់នៅ​របស់​ប្រជាជនកម្ពុជា ហើយត្រូវបានវាយតម្លៃខ្ពស់​ដោយរដ្ឋាភិបាល​នៃ​ប្រទេសទាំងពីរ​ ចំពោះការអនុវត្ត និងប្រសិទ្ធភាព។

ជាមួយនឹងការរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជា ក៏ដូចជាការរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍទំនាក់ទំនងសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ ធនាគារ BIDC ត្រូវបានទទួលស្គាល់ដោយព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋាភិបាល និងវិស័យ​ធនាគារ​កម្ពុជានិងវៀតណាម បានវាយតម្លៃខ្ពស់ និងផ្តល់គ្រឿង​ឥស្សរិយយស និងរង្វាន់ជាច្រើន។ ក្នុងឱកាសគម្រប់ខួប១៥ឆ្នាំ នៃការបង្កើតធនាគារ BIDC នៅតែបន្តមានមោទនភាព នៅពេលដែល​ព្រះមហាក្សត្រកម្ពុជា ប្រទានគ្រឿងឥស្សរិយយស មុនីសារាភណ្ឌ ថ្នាក់មហាសេនា គ្រឿងឥស្សរិយយសដ៏ខ្ពង់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា។ នេះ​ជា​ព្រឹត្តិការណ៍​សំខាន់​មួយ​ក្នុង​ដំណើរ​អភិវឌ្ឍន៍​របស់ធនាគារ BIDC។ ជាងនេះទៀត​ ព្រះមហាក្សត្រកម្ពុជាក៏បានប្រទានគ្រឿងឥស្សរិយយស សុវត្ថារា ថ្នាក់មហាសេនា ដែលជាគ្រឿងឥស្សរិយយសដ៏ខ្ពង់ខ្ពស់ សម្រាប់ការរួមចំណែកលើកស្ទួយសកម្មភាព​វិនិយោគ និងអភិវឌ្ឍន៍សេដ្ឋកិច្ចនៅកម្ពុជា ដល់ថ្នាក់ដឹកនាំធនាគារ BIDV ចំនួន៣រូប និងគ្រឿងឥស្សរិយយស មុនីសារាភណ្ឌ ថ្នាក់មហាសេនា ជូនអគ្គនាយកធនាគារ BIDC។

ថ្លែងសន្ទរកថាក្នុងកម្មវិធីនេះ លោក ស៊ុំ សន្និសិទ្ធ អគ្គទេសាភិបាលរងធនាគារជាតិ​នៃកម្ពុជា បានទទួលស្គាល់ថា «ការចូលមកកាន់ទីផ្សារកម្ពុជាក្នុងឆ្នាំ ២០០៩ របស់ធនាគារ BIDC បង្ហាញពី​ការជឿ​ទុក​ចិត្តរបស់អ្នកវិនិយោគវៀតណាមក្នុងវិស័យធនាគារនៅកម្ពុជា ក៏ដូចជា តភ្ជាប់ទីផ្សារ​ហិរញ្ញវត្ថុ និងបង្កលក្ខណៈងាយស្រួលដល់សកម្មភាពរបស់បណ្តាសហគ្រាសនៃប្រទេសទាំងពីរ តាម​រយៈ​​កិច្ច​សហ​ប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម”។

ក្នុងនាមជាថ្នាក់ដឹកនាំជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា និងដែលបានផ្សារភ្ជាប់សកម្មភាព​ជាច្រើន​​ឆ្នាំ​ជាមួយធនាគារ​ BIDV/BIDC សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តម​ប្រឹក្សា​ផ្ទាល់​​ព្រះមហាក្សត្រនៃព្រះ​រាជាណា​ចក្រកម្ពុជា និងជាប្រធានសមាគម​មិត្តភាព​កម្ពុជា-វៀតណាម បាន​ថ្លែង​សុន្ទរកថាទទួលស្គាល់ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែង និងការរួមចំណែក​ដ៏អស្ចារ្យ​របស់​ធនាគារ BIDV/BIDC ចំពោះសេដ្ឋកិច្ចកម្ពុជា។ សម្តេច​កិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានស្នើសុំធនាគារ BIDV/BIDC បន្តរក្សា​តួនាទី​ឈាន​មុខគេ​ក្នុងចំណោមបណ្តាសហគ្រាស​វៀតណាម​ ដែលកំពុងប្រតិបត្តិការនៅកម្ពុជា និង​បន្ត​លើក​កម្ពស់តួនាទីតភ្ជាប់ក្នុងសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគរវាងប្រទេសទាំងពីរ។

នាពេលខាងមុខ ធនាគារ BIDC នឹងបន្តទទួលមរតក និងលើកកម្ពស់​សមិទ្ធិផល​ដែល​សម្រេច​បាន​ក្នុងរយៈពេល១៥ឆ្នាំ ធ្វើប្រតិបត្តិការដើម្បីបន្តខិតខំប្រឹងប្រែង សំដៅ​សកម្មភាព​អាជីវកម្ម​ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព ហើយបញ្ជាក់ជំហររបស់ខ្លួន​ជាធនាគារធំ​មួយ​ក្នុងទីផ្សារកម្ពុជា រួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់កម្ពុជា និង​រួមចំណែក​ធ្វើអោយទំនាក់ទំនង​រវាង​កម្ពុជានិងវៀតណាមរីកចម្រើនដល់កម្រិតថ្មីមួយ។

ក្នុងឱកាសគម្រប់ខួប១៥ឆ្នាំនៃការបង្កើតធនាគារ BIDC បានប្រកាស​ពីការផ្លាស់ប្ដូរ​ម៉ាក​សញ្ញាថ្មីរបស់ខ្លួន។ អាស្រ័យហេតុនេះ ធនាគារនៅតែរក្សាឈ្មោះពេញរបស់ខ្លួន «ធនាគារ​វិនិយោគ និងអភិវឌ្ឍន៍កម្ពុជា ភីអិលស៊ី» ឈ្មោះអក្សរកាត់ BIDC​ Bank ផ្នែកនិមិត្តសញ្ញា​គឺជា​ស្ថាបត្យ​កម្ម​​ប្រាសាទអត្តសញ្ញាណកម្ពុជា ដែលជានិមិត្តរូបនៃសមាហរណកម្ម ការផ្សាភ្ជាប់ និងការប្តេជ្ញាចិត្ត​ប្រកបដោយនិរន្តរភាពរបស់ធនាគារ BIDC នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ Logo ​ថ្មី​នេះ​ មាន​ពីរ​ពណ៌​ចម្បង​ គឺ​បៃតងត្បូងមរកតនិង​លឿង។ ពណ៌បៃតងតំណាងឱ្យភាពរឹងមាំ យុវវ័យ​សម័យ​ទំនើប និងសេចក្តីប្រាថ្នានាពេលខាងមុខរបស់ធនាគារ BIDC។ ពណ៌លឿង និមិត្ត​សញ្ញា​រូបិយប័ណ្ណ ភាពរុងរឿង និងភាពសម្បូរបែប ។ល។

ការផ្លាស់ប្ដូរម៉ាកសញ្ញាថ្មី គឺជាជំហានមួយនៅក្នុងយុទ្ធសាស្ត្ររបស់ធនាគារ BIDC ដើម្បី​បញ្ជាក់​រូបភាពធនាគារដែលមានថាមពល រួសរាយរាក់ទាក់ និងត្រៀមខ្លួនជានិច្ចជាមួយនឹងការបង្ក​ភាព​ងាយ​ស្រួល និងអត្ថប្រយោជន៍ល្អបំផុតដល់អតិថិជន ម្ចាស់ភាគហ៊ុន បុគ្គលិក និងសហគមន៍ ស្របតាម និន្នាការផ្លាស់ប្តូរឌីជីថល។ នាពេលខាងមុខ ធនាគារ BIDC នឹងបន្តធ្វើការផ្លាស់ប្តូរជាច្រើន​ដើម្បី​ផ្តល់​ផលិតផល និងសេវាកម្មដែលមានគុណភាពខ្ពស់ ព្រមទាំងរួមដំណើរ សហការ អភិវឌ្ឍ​ជាមួយ​អតិថិជន និងដៃគូរ ។ល។

ដំណើរការផ្លាស់ប្តូរម៉ាកសញ្ញារបស់ធនាគារ BIDC ត្រូវបានអនុវត្តតាមផែនការ។ ដូចច្នេះ ធនាគារ BIDC នឹងមិនផ្លាស់ប្តូរទាំងស្រុងនៅពេល​ប្រកាសម៉ាកសញ្ញាថ្មីនោះទេ ប៉ុន្តែនឹងធ្វើបន្តិចម្តងៗ​តាមផែនការ ដោយធានាការសន្សំសម្ចៃ ប្រសិទ្ធភាព និងស្រប​ទៅតាម​លក្ខខណ្ឌ​ជាក់ស្តែង​របស់​ធនាគារ៕