(ភ្នំពេញ)៖ សាលាអន្តរជាតិមែនន័រ (Manner International School) ដែលជាសាលាចំណេះដឹងទូទៅផ្តោតទៅលើការសិក្សាបីភាសា(ខ្មែរ អង់គ្លេស ចិន ) បានចុះអនុស្សរណៈយោគយល់គ្នាជាមួយ ស្រ្ពីងបត៤អេឌ្យូខេសិន(Spring Board Education) ដើម្បីបញ្ចូលកម្មវិធីសិក្សាខេមប្រ៊ីជ (Cambridge English Qualification) តាមស្តង់ដារចក្រភពអង់គ្លេស ដើម្បីជំរុញឱ្យកម្មវិធីសិក្សានៅសាលានេះមានភាពចម្រុះ និងសម្បូរណ៍បែប ក្នុងគោលដៅក្លាយជាសាលាឈានមុខមួយនៅកម្ពុជា។
លោកស្រី ឡាយ អមរា ស្ថាបនិកសាលាអន្តរជាតិមែនន័រ បានឱ្យដឹងថា ការចុះអនុស្សរណៈ(MOU) រវាងសាលាអន្តរជាតិមែនន័រ និងស្រ្ពីងបត៤អេឌ្យូខេសិន(Spring Board Education) នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤នេះ ក្នុងគោលបំណងផ្តល់សេវាកម្ម និងទទួលបានសិទ្ធក្លាយមជ្ឈមណ្ឌលបង្រៀនត្រៀមភាសាអង់គ្លេស ដើម្បីប្រលងយកសញ្ញាបត្រ Cambridge ពីចក្រភពអង់គ្លេសដោយផ្ទាល់។ ជាពិសេសមានបំណងពង្រីងសក្តានុពលក្នុងភាពជាដៃគូជាតិ និងអន្តរជាតិ។
លោកស្រី បានឱ្យដឹងថា កម្មវិធីខេមប្រ៊ីជ គឺជាកម្មវិធីមួយដែលមានការទទួលស្គាល់ទូទាំងពិភពលោក។ តាមរយៈការប្រើប្រាស់ប្រព័ន្ធស្តង់ដាប្រតិបត្តិអន្តរជាតិរបស់កម្មវិធីសិក្សាខេមប្រ៊ីជ ពីចក្រភពអង់គ្លេស នឹងជំរុញឱ្យការបណ្តុះបណ្តាលរបស់លោកគ្រូ អ្នកគ្រូ និងការផ្តល់សេវាបង្រៀន និងរៀន មានភាពទូលំលាយ ដើម្បីជួយគាំទ្រការសិក្សារបស់សិស្សកាន់តែមានប្រសិទ្ធភាព។
លោកស្រីបន្ថែមថា កម្មវិធីសិក្សានេះ បានផ្តល់សារៈសំខាន់យ៉ាងខ្លាំងចំពោះសិក្សានុសិស្ស ដូចជា ធ្វើឱ្យសិស្សានុសិស្សទទួលបានចំណេះដឹងផ្នែកភាសាអង់គ្លេសច្បាស់លាស់ក្នុងការប្រើប្រាស់ទាំងការសន្ទនា និងប្រាស្រ័យទាក់ទងប្រកបដោយទំនុកចិត្ត។ លើសពីនេះទៅទៀតសិស្សានុសិស្សអាចត្រៀមប្រលងយកសញ្ញាបត្រ Cambridgeដោយភាពជឿជាក់។ ជាមួយគ្នានេះ សិស្សានុសិស្សនឹងទទួលបានសញ្ញាបត្រផ្នែកភាសាអង់គ្លេស គ្រប់កម្រិត របស់ Cambridge ពីចក្រអង់គ្លេស ដែលទទួលស្គាល់ទូទាំងពិភពលោក ព្រមទាំងទទួលបានឱកាសជាច្រើនក្នុងការបន្តការសិក្សា និងការធ្វើការងារផងដែរ។
សាលាអន្តរជាតិមែនន័រ មានទីតាំងស្ថិតនៅ អគារ91C ផ្លូវ 99B ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ សាលាអន្តរជាតិនេះ បាននិងកំពុងរៀបចំសាខាទី២ ដែលនឹងទទួលចុះឈ្មោះចូលរៀនចាប់ពីខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ បន្ទាប់ពីទទួលបានគាំទ្រ ទំនុកចិត្ត និងភាពជឿជាក់យ៉ាងខ្លាំងសំណាក់ពីមាតា បិតា និងអ្នកអាណាព្យាបាល។
សាលាអន្តរជាតិមែនន័រផ្តល់កម្មវិធីសិក្សា៣ភាសាក្នុងពេលតែមួយ (Trilingual Education) ចាប់ពីថ្នាក់មត្តេយ្យ ដល់ថ្នាក់ទី១២ ដោយផ្តោតទៅលើបំណិនសតវត្សរ៍ទី២១ ពង្រឹងវិន័យជាដាច់ខាត និងបណ្តុះឥរិយាបថ និងភាពជាពលរដ្ឋល្អ។ គោលបំណងរួមរបស់សាលាអន្តរជាតិមែនន័រគឺបណ្តុះកុមារឱ្យក្លាយជាពលរដ្ឋដ៏ល្អ ឆ្លាតវៃ និងពូកែ ពិតប្រាកដ (Cultivating good and smart citizens)។
សូមបញ្ជាក់ថា សិស្សានុសិស្សសិក្សានៅសាលាអន្តរជាតិមែនន័រនឹងទទួលបានសញ្ញាបត្រធំៗ ចំនួន៤ បន្ទាប់ពីបញ្ចប់ថ្នាក់ទី១២ (មធ្យមសិក្សាទុតិយភូមិ) រួមមាន៖
១.សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
២.សញ្ញាបត្រផ្នែកភាសាអង់គ្លេសរបស់ Cambridge
៣.សញ្ញាបត្រផ្នែកភាសាចិនស្តង់ដាអន្តរជាតិ (Chinses Proficiency Test-HSK)
៤.សញ្ញាបត្រផ្នែកសហគ្រិនភាពកុមារ របស់ចក្រភពអង់គ្លេស (ABE Global)
ព័ត៌មានបន្ថែមសូមទំនាក់ទំនង ទូរស័ព្ទលេខ 017 404 098 (Telegram) / 098 808 850 ៕