(បរទេស)៖ ម៉ាកយីហោរថយន្តអគ្គិសនីចិន BYD ត្រូវបានគេមើលឃើញថា បន្តពង្រីកទីផ្សារទៅកាន់បណ្តាប្រទេសនានា ជាមួយប្រជាប្រិយភាពកើនឡើងឥតឈប់ឈរ ដោយសារតម្លៃសមរម្យ អមជាមួយនឹងគុណភាពអាចទទួលយកបានពីអតិថិជន។ ក្នុងនោះ មិនថាប្រទេសទ្រីនីដាដ និងតូបាហ្គោ ឬកូរ៉េខាងត្បូងនោះទេ ផលិតផលរថយន្ត EV, Hybrid និង PHEV របស់ម៉ាកយីហោចិនមួយនេះ ត្រូវបានដាក់លក់យ៉ាងច្រើនគ្រប់ទីកន្លែងឥឡូវនេះ លើកលែងតែសហរដ្ឋអាមេរិកប៉ុណ្ណោះ។ ប្រការនេះ ធ្វើឲ្យ BYD ជាប់ឈ្មោះក្លាយជាម៉ាកយីហោរថយន្តលក់ដាច់បំផុតទី៣ លើពិភពលោកប្រចាំខែកក្កដា។

បើតាមការចេញផ្សាយដោយសារព័ត៌មន Insider EV បានឲ្យដឹងថា ក្រុមហ៊ុន Toyota ឈរនៅលេខរៀងទី១ ដោយលក់រថយន្តបានចំនួន ៦៥១,២០០គ្រឿង និង Volkswagen ឈរនៅលេខរៀងទី២ លក់បាន ៣៤៦,២០០គ្រឿង ខណៈ BYD ទទួលបានចំណាត់ថ្នាក់លេខ៣ ជាមួយចំនួនលក់ជិត ៣១៥,៦០០។ យោងតាមរបាយការណ៍ប្រាក់ចំណូលរបស់ BYD នៅក្នុងខែសីហា គឺបង្ហាញថាប្រហែល ២/៣ នៃការលក់គឺទៅលើរថយន្តប្រភេទកូនកាត់ ខណៈតែចំនួនលក់រថយន្តអគ្គិសនីកើនឡើង ១២%។

គួរជម្រាបថា សម្រាប់ការលក់រថយន្តក្នុងទីផ្សារចិនរបស់ BYD ត្រូវបានគេមើលឃើញថា មាននិន្នាការកើនឡើងក្នុងអំឡុងឆមាសទីពីរនៃឆ្នាំ២០២៤នេះ។ តែយ៉ាងណាក៏ដោយ នៅក្រៅប្រទេសហាក់ជួបឧកសគ្គ ដោយសារបញ្ហាពន្ធគយនៅក្នុងសហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងកាណាដា៕