(អ៊ឺរ៉ុប)៖ ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo នៅពេលនេះបានបន្ថែមចំនួនគ្រាប់ស៊ុតបញ្ចូលទីកើនដល់ ៩០១គ្រាប់ បន្ទាបពីបានរួមចំណែកស៊ុតជួយក្រុមជម្រើសជាតិព័រទុយហ្គាល់ វាយបកយកឈ្នះក្រុមស្កុតឡេន ២-១ នៅប្រកួតទី២ ក្នុងវគ្គចែកពូលក្រុមទី១ ពានរង្វាន់លំដាប់ទី៣ អឺរ៉ុប Nations League 2024-25 ។

១គ្រាប់របស់ខ្សែប្រយុទ្ធវ័យ ៣៩ឆ្នាំ Ronaldo បានកើតឡើងនៅនាក្បែរចុងម៉ោង នៅនាទី៨៨ ពីរួមចំណែករបស់ Nuno Mendes ដ្បិត Ronaldo រូបគេឈរក្នុងកីឡាករបម្រុង ហើយបានប្តូរចូលនៅនាទី៤៦ ជំនួបមិត្តរួមក្រុម Pedro Neto ក្រោមការបង្វឹករបស់លោក Roberto Martinez ។

ក្នុងនោះខ្សែបម្រើជ្រើសពីក្លិប Manchester United កីឡាករ Bruno Fernandes ក៏រកបាន ១គ្រាប់តាមស្មើ បន្ទាប់ពីក្រុមស្កុតឡេន បើកការនាំមុខដោយកីឡាករ Scott McTominay តាំងពីនាទី៧ ហើយស្ថិតក្នុងប្រកួតនេះ ក្រុមព័រទុយហ្គាល់ មានស្ថិតិការស៊ុតចំគោលដៅចំនួន ៨លើក ។

សូមជម្រាបផងថា ពេលនេះ Cristiano Ronaldo បានកើនគ្រាប់ស៊ុតបញ្ចូលទីឱ្យជម្រើសជាតិកម្រិតកំពូល កើនដល់ ១៣២គ្រាប់ច្រើនជាងគេ ខណៈពួកគេរកបាន ៦ពិន្ទុស្ថិតក្នុងវគ្គជម្រុះក្រុមទី១ នៃកម្រិត League A រដូវកាល២០២៤-២៥ ហើយនឹងបន្តប៉ះក្រុមប៉ួឡូញ និងក្រូអាត ជួបស្កុតឡេន ៕