(វ៉ាស៊ីនតោន)៖ កីឡាករវាយកូនបាល់ទោលលំដាប់លេខ១ ពិភពលោក Jannik Sinner បានបំបាក់ Taylor Fritz ក្នុងលទ្ធផល ៣-០ ដើម្បីលើកពាន US Open ឆ្នាំ២០២៤ នៅសហរដ្ឋអាមេរិកនារាត្រីថ្ងៃអាទិត្យ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

US Open ជាពានលើកដំបូងរបស់កីឡាករអន្តរជាតិអ៊ីតាលី និងជាពានក្នុងកម្រិត Grand Slam លើកទី២ ផងដែរក្នុងឆ្នាំនេះ បន្ទាប់ពីពាន Australian Open ដែលលោកឈ្នះកាលពីខែមករាមក ក្នុងនាមកីឡាករដែលឈ្នះក្នុងកម្រិត ATP Tour បាន ៦លើក ក្នុងរយៈពេល ៩ខែចុងក្រោយនេះ។

រូបគេបានគ្រប់គ្រងការប្រកួតស្ទើរតែទាំងស្រុងទៅលើកីឡាករម្ចាស់ផ្ទះ Fritz ដែលឈរនៅលេខរៀងទី១២ ពិភពលោកបច្ចុប្បន្ន ជាមួយនឹងពិន្ទុ ៦-៣ ៦-៤ និង ៧-៥។

Sinner ដែលមានវ័យទើបតែ ២៣ឆ្នាំផងនោះ បានក្លាយជាកីឡាករទី២ លើលោក ដែលដណ្តើមបានពានក្នុងកម្រិត Grand Slam ចំនួន២ ក្នុងមួយរដូវកាល បន្ទាប់ពីលោក Guillermo Vilas ធ្លាប់ធ្វើបាននៅឆ្នាំ១៩៧៧ និងបានក្លាយជាកីឡាករអ៊ីតាលីដំបូងគេដែរ ដែលឈ្នះពានលើវិញ្ញាសាវាយទោលនៅកីឡដ្ឋាន Flushing Meadows នៅទឹកដីសហរដ្ឋអាមេរិកមួយនេះ៕