(បរទេស)៖ ប្រភពព័ត៌មានដ៏ល្បីល្បាញ Ice Universe បានឱ្យដឹងថា ក្រុមហ៊ុន​ Qualcomm នឹងដំឡើងថ្លៃបន្ទះឈីបកំពូលរបស់ខ្លួន Snapdragon 8 Gen 4 ជំនាន់ថ្មីរហូតដល់ ២០.៦៨ភាគរយ ពោលគឺថ្លៃជាងបើធៀបនឹង Snapdragon 8 Gen 3 ជំនាន់បច្ចុប្បន្ន។ ការដំឡើងថ្លៃនេះ ត្រូវបានប្រភពរំពឹងថា នឹងធ្វើឱ្យតម្លៃទូរស័ព្ទកើនឡើងជាងមុនផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយ Gagadget នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤។

តម្លៃរបស់កំពូលឈីប Snapdragon 8 Gen 4 ត្រូវបាន Ice Unveres ទម្លាយថា នឹងកើនឡើងដល់ ២៤០ដុល្លារ បើធៀបនឹងតម្លៃរបស់ Snapdragon 8 Gen 3 ដែលដាក់លក់នាពេលបច្ចុប្បន្ននេះមានប្រហែល ២០០ដុល្លារប៉ុណ្ណោះ។​ យ៉ាងណាមិញចំពោះមូលហេតុនៃការកើនឡើងនេះ ត្រូវបានសន្មតថាបណ្តាលមកពីកត្តាជាច្រើន រួមទាំងការប្រើប្រាស់ដំណើរការផលិតបន្ទះឈីប​​ 3nm N3E កម្រិតខ្ពស់របស់ក្រុមហ៊ុន TSMC ដែលទាក់ទងនឹងចំណាយថ្លៃដើមផលិតច្រើន។

គួរជម្រាបដែរថា នេះគឺព័ត៌មានលេចធ្លាយដែលចេញពីប្រភពអាចទុកចិត្តបាន ខណៈព័ត៌មានលម្អិតជាក់លាក់ក្រុមហ៊ុន Qualcomm នៅមិនទាន់ប្រកាសជាផ្លូវការនៅឡើយនោះទេ។ ប្រសិនបើការតំឡើងថ្លៃនេះជាការពិត Snapdragon 8 Gen 4 នឹងក្លាយជាប្រព័ន្ធដំណើរការចល័តដំបូងគេងបង្អស់របស់​ Qualcomm ដែលត្រូវបានគេរំពឹងថា នឹងបំពាក់ដោយ Oryon cores ដែលត្រូវបានគេប្រទះឃើញរួចហើយនៅក្នុងបន្ទះឈីប Snapdragon X របស់ ARM។ លើសពីនេះបន្ទះឈីបជំនាន់ក្រោយនេះ នឹងត្រូវបានបំពាក់ដោយ GPU កម្រិតខ្ពស់ Adreno 830 ឬ GPU Adreno 8-series ហើយត្រូវបានរំពឹងថា នឹងប្រកាសចេញជាផ្លូវការនៅអំឡុងខែតុលា ២០២៤ ខាងមុខនេះ៕