(ភ្នំពេញ)៖ សូមគោរពអញ្ជើញសាធារជនចូលរួមទស្សនា «ការប្រគំតន្ត្រីអូខេស្ត្រាដ៏អស្ចារ្យ» របស់វង់តន្ត្រីយុវជនអង្គរ ដោយសេរី នៅសាលមហោស្រព NABA ក្នុងណាហ្គាវើលដ៍ទី២ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ដែលចូលរួមសម្តែងដោយលោក ឃួន សិទ្ធិស័ក្តិ ដែលជាអ្នកចម្រៀងអូប៉េរ៉ាខ្មែរដំបូងគេ។ ធានាថា សាធារជនទាំងអស់ នឹងទទួលបានបទពិសោធន៍ដ៏ប្លែកអារម្មណ៍ នៅក្នុងរាត្រីនៃការប្រគំតន្ត្រីបែបក្លាស៊ីកដ៏អស្ចារ្យនេះជាក់ជាពុំខាន។

ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៦ ដោយមានការឧបត្ថម្ភគាំទ្រពីសិល្បករជប៉ុន Shinichi Minami វង់តន្ត្រីយុវជនអង្គរ បាននិងកំពុងចូលរួមអភិវឌ្ឍ និងជួយផ្សព្វផ្សាយតន្ត្រីបែបក្លាស៊ីកយ៉ាងសកម្ម ក្នុងប្រទេសកម្ពុជា។ ក្រោមការដឹកនាំរបស់នាយិកា លោកស្រី ទេព គន្ធារ៉េត និងប្រធានក្រុម លោក រម តារាវង្ស វង់តន្ត្រីយុវជនអង្គរនេះ បានទទួលការសាទរ និងគាំទ្រយ៉ាងខ្លាំងសម្រាប់ការសម្តែង និងការប្តេជ្ញាចិត្តប្រឹងប្រែង ដើម្បីទទួលបានឧត្តមភាពនៃវិស័យតន្ត្រី។ ការសម្តែងដ៏អស្ចារ្យរបស់ពួកគេ ចាប់ពីអង្គរវត្តរហូតដល់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ និងជប៉ុន បានចូលរួមលើកកម្ពស់ ការផ្តោះប្តូរវប្បធម៌រវាងប្រទេសនឹងប្រទេសគួរឱ្យកត់សម្គាល់។

ការប្រគំតន្ត្រីដែលសាធារណជនអាចចូលទស្សនាដោយសេរីនេះ រួមបញ្ចូលបទចម្រៀងដែលជាព្រះរាជនិពន្ធរបស់ព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ និងសម្តេចព្រះនរោត្តម សុរាម្រិត និងបទចម្រៀងសម័យដើមលាយឡំជាមួយសម័យទំនើបផងដែរ។ វត្តមានរបស់លោក ឃួន សិទ្ធិស័ក្តិ ដែលជាអ្នកចម្រៀងអូប៉េរ៉ាខ្មែរដំបូងគេ នឹងធ្វើឲ្យការប្រគំតន្ត្រីនេះ កាន់តែទាក់ទាញជាមួយនឹងសំឡេងដ៏ពីរោះបែបអូប៉េរ៉ារបស់គាត់។

មានឈ្មោះល្បីរន្ទឺដោយសារសំឡេងអូប៉េរ៉ា និងការដាក់អារម្មណ៍ឲ្យស៊ីសង្វាក់ជាមួយវង់តន្ត្រីយុវជនអង្គរ ឃួន សិទ្ធិស័ក្តិ នឹងធ្វើឲ្យទស្សនិកជនកោតស្ញប់ស្ញែង ដល់ការសម្តែងរបស់គាត់ ខណៈសាលមហោស្រព NABA ដែលមាន ២,០០០កៅអី និងបច្ចេកវិទ្យាវីដេអូ 3D ដ៏ទំនើបប្រចាំតំបន់អាស៊ីអាគ្នេយ៍ នឹងធ្វើឲ្យការប្រគំតន្ត្រីនេះ កាន់តែទទួលបានការចាប់អារម្មណ៍ ពីទស្សនិកជនមួយកម្រិតទៀត។

លោកស្រី ទេព គន្ធារ៉េត បានឲ្យដឹងថា «ការប្រគំតន្ត្រីនេះ គឺជាការអបអរខួប ១៨ ឆ្នាំនៃការបង្កើតសមាគមវង់តន្ត្រីយុវជនអង្គរ និងដំណើរឆ្ពោះទៅរកការក្លាយ ជាក្រុមអូខេស្ត្រាអាជីព ក្នុងប្រទេសកម្ពុជា។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ណាហ្គាវើលដ៍ដែលបានផ្តល់សាលមហោស្រព NABA ដ៏ប្រណីតដែលអនុញ្ញាតឲ្យពួកយើង អាចចែករំលែកការ ប្រគំតន្ត្រីបែបក្លាស៊ីកនេះជូនដល់សាធារណជនបានទស្សនាកម្សាន្ត។ យើងសង្ឃឹមថា នឹងមានការគាំទ្របន្តបន្ទាប់ពីរាជរដ្ឋាភិបាល ដៃគូ និងទស្សនិកជនដែលលើកទឹកចិត្ត ដល់បេសកកម្មរបស់ពួកយើង»

មុនចូលទស្សនាការប្រគំតន្ត្រី ទស្សនិកជនទាំងអស់ អាចអញ្ជើញទៅពិសាប៊ុហ្វេពិសេសនៅភោជនីយដ្ឋាន 2Pangea ដែលមានទីតាំងនៅទល់មុខជាប់សាលមហោស្រព NABA។ ជាភោជនីយដ្ឋាន ដែលមានអាហារប៊ុហ្វេច្រើនមុខជាងគេមួយ ក្នុងរាជធានីភ្នំពេញ ភោជនីយដ្ឋាន 2Pangea ផ្តល់ជូនតម្លៃ ១១៦,០០០រៀល ឬ២៩ដុល្លារអាម៉េរិក ប៉ុណ្ណោះសម្រាប់ម្នាក់ ដែលមានសាច់ប៊ីប៊ីឃ្យូ សាច់មាន់បំពងស្រួយ បាយបែបកូរ៉េ ស៊ូស៊ិ សាស៊ិមិ សាច់អាំង សាច់ដុត គ្រឿងសមុទ្រ បង្អែម និងអាហារជាច្រើនមុខទៀត បម្រើជូនពីម៉ោង៥ល្ងាច ដល់១០៖៣០យប់។

ការប្រគំតន្ត្រីនេះ សាធារណជនអាចចូលទស្សនាដោយសេរី! សាធារណជន អាចអញ្ជើញទៅទទួលសំបុត្រឥតគិតថ្លៃ ចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ នៅបញ្ជរណាហ្គាវើលដ៍រីវ៉ត (នៅកន្លែងទទួលភ្ញៀវសណ្ឋាគារណាហ្គាវើលដ៍ទី២)។ មកមុន ទទួលបានសំបុត្រមុន! កុំខកខានឱកាសល្អនេះឲ្យសោះ! ទទួលយកបទពិសោធន៍ដ៏ប្លែកអារម្មណ៍ នៃការទស្សនាការប្រគំតន្ត្រីដ៏អស្ចារ្យនេះជាមួយគ្នា៕