(បរទេស)៖ លោក Elon Musk ដែលមហាជនស្គាល់ថាជាមហាសេដ្ឋីប្រាក់ពាន់លាន (billionaire) និងជានាយកប្រតិបត្តិក្រុមហ៊ុនលំដាប់ខ្នាតយក្ស Tesla, SpaceX និង X ជាដើមនោះ។ ថ្មីៗនេះត្រូវបានប្រភពដ៏លេចធ្លោរមួយបានព្យាករណ៍ថា លោក Musk កំពុងតែឈានទៅរកការក្លាយជាមហាសេដ្ឋីប្រាក់ពាន់ពាន់លាន ឬ Trillionaire ដំបូងគេរបស់ពិភពលោកនៅឆ្នាំ២០២៧ ខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយដោយ The Guardian នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤។

ប្រភពពី Informa Connect Academy​ បានឱ្យដឹងថា ការព្យាករណ៍នេះ គឺផ្អែកលើអត្រាកំណើនទ្រព្យសម្បត្តិរបស់​ Musk ដែលបានកើនឡើងខ្ទង់ ១១០ភាគរយជារៀងរាល់ឆ្នាំ។ បច្ចុប្បន្ននេះ Musk កាន់កាប់តំណែងជាមហាសេដ្ឋីដែលមានជាងគេបំផុតនៅលើពិភពលោក ជាមួយនឹងទ្រព្យសម្បត្តិសរុបប្រមាណ ២៥១ពាន់លានដុល្លារ ដូចដែលបានរាយការណ៍ដោយ Bloomberg Billionaires Index។ តែយ៉ាងណារបាយការណ៍ចុងក្រោយនេះ បានឱ្យដឹងថា Musk ចាប់ផ្តើមបងា្ហញខ្លួនជាបណ្តើរៗហើយនៅក្នុងរបាយការណ៍ «2024 Trillion Dollar Club» ឬ​ ក្លឹបកំពូលមហាសេដ្ឋីបា្រក់ពាន់ពាន់លានដុល្លារ។

គួរជម្រាបថា របាយការណ៍នេះមិនត្រឹមតែផ្តោតទៅលើ Musk ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកំណត់អត្តសញ្ញាណមហាសេដ្ឋីផ្សេងទៀត ដែលអាចចូលរួមជាមួយលំដាប់ Trillionaire ក្នុងប៉ុន្មានឆ្នាំខាងមុខ។ មហាសេដ្ឋីជំនួញឥណ្ឌាលោក Gautam Adani ត្រូវបានគេព្យាករណ៍ថានឹងឈានដល់ Trillionaire នៅឆ្នាំ២០២៨ ដោយសន្មត់ថាទ្រព្យសម្បត្តិរបស់លោកនឹងបន្តកើនឡើងក្នុងអត្រាប្រចាំឆ្នាំជាមធ្យម ១២៣ភាគរយ ។ លើសពីនេះទៀតលោក Jensen Huang នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Nvidia និងសហគ្រិនឥណ្ឌូនេស៊ីលោក Prajogo Pangestu ក៏ត្រូវបានគេរំពឹងថានឹងឈានចូលលំដាប់ Trillionaire នៅឆ្នាំអំឡុងឆ្នាំ២០២៨ ផងដែរ ខណៈដែលលោក Bernard Arnault និង Mark Zuckerberg នឹងអាចសម្រេចបាននៅឆ្នាំ២០៣០៕