(ភ្នំពេញ)៖ នារីស្រស់ស្អាតម្នាក់ដែលត្រូវបានគេស្គាល់ថា ជា​តារា​សម្ដែង​ ឌុច​ លីដា​ បានបើករថយន្តចូលគោលដៅ​អនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ របស់អធិការដ្ឋានខណ្ឌ៧មករា​ ហើយមិនសហការជាមួយសមត្ថកិច្ចពិនិត្យជាតិ​អាកុល​ បង្កការភ្ញាក់ផ្អើល នាវេលា​ម៉ោង​១២រំលង​អាធ្រាត្រ​ ឈានចូលថ្ងៃទី​០៨​ ខែកញ្ញា​ ឆ្នាំ​២០២៤នេះ។​ ហេតុការណ៍នេះ កើតឡើង​ម្ដុំអតីតផ្សារស៊ីតនី​ ផ្លូវ​កម្ពុជា​ក្រោម​ ខណ្ឌ​៧មករា​ រាជធានី​ភ្នំពេញ​។

យោងតាមសមត្ថកិច្ច បានបញ្ជាក់ឲ្យដឹងថា ក្រោយពីនាំតារាសម្ដែង ឌុច លីដា ទៅដល់អធិការខណ្ឌ សមត្ថកិច្ចបានវាស់ជាតិអាល់កុល គឺមានកម្រិត ០.៩០មីល្លីក្រាមក្នុងមួយលីត្រខ្យល់ និងបានបង់ផាកពិន័យចំនួន២លានរៀល។
អ្វីដែលសមត្ថកិច្ចកត់សម្គាល់ មុននឹងនាំតារាសម្ដែង ឌុច លីដា ទៅអធិការខណ្ឌ គឺដោយសារតែតារាសម្ដែងល្បីរូបនេះ មិនបានសហការជាមួយសមត្ថកិច្ច នៅនឹងគោលដៅចរាចរណ៍ ដោយបានប្រើប្រាស់ពាក្យសម្ដី និងកាយវិការមិនសមរម្យដាក់មកលើសមត្ថកិច្ចទៀតផង។

តារាសម្ដែង ឌុច លីដា ត្រូវបានមហាជនស្គាល់ថា ជាតារាស្រីមានកេរ្តិ៍ឈ្មោះល្បីល្បាញ តាមរយៈការសម្ដែងភាពយន្តជាច្រើនរឿង និងបទចម្រៀងខារ៉ាអូខេ ព្រមទាំងការងារសិល្បៈជាច្រើនទៀត។ ភាគច្រើននៃការសម្ដែងភាពយន្ត គឺនាងតែងតែទទួលបានតំណែងជាតួឯក៕