(ភ្នំពេញ)៖ លោក Felix Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា រំពឹងក្រុមខ្លួននឹងនាំយកលទ្ធផលល្អជូនអ្នកគាំទ្រលើទឹកដីរបស់ខ្លួន នៅក្នុងជំនួបជើងទី២ នៃវគ្គជម្រុះពានរង្វាន់ AFC Asian Cup Saudi Arabia 2027 ជាមួយក្រុមជម្រើសជាតិស្រីលង្កា នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ នឹងចាប់ផ្ដើមនាម៉ោង ៧:០០នាទីយប់ នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន មុនជំនួបកាត់សេចក្ដី នៅថ្ងៃច័ន្ទនេះ លោក Felix បានលើកឡើងថា ការជួបក្រុមស្រីលង្កាលើកនេះ គឺជាទំព័រថ្មីមួយ ដែលកម្ពុជាត្រូវជួបក្រុមសម្បូរដោយកីឡាករលេងនៅអឺរ៉ុប ។ យ៉ាងណាមិញលោកជឿជាក់លើកូនក្រុមដែលបានជ្រើសរើស នឹងខំប្រឹងអស់ពីសមត្ថភាពក្នុងការប្រកួតនេះ ដើម្បីនាំមកនូវលទ្ធផលល្អ ។

លោកថា «ការប្រកួតថ្ងៃស្អែក ពួកយើងដឹងហើយថា យើងនឹងត្រូវប្រកួតជាមួយក្រុមដែលរៀបចំខ្លួនបានល្អ ហើយខ្ញុំជឿថា នេះជាលើកទី១ ដែលក្រុមជម្រើសជាតិកម្ពុជា ប្រកួតជាមួយនឹងក្រុមដែលមានកីឡាករអឺរ៉ុបច្រើននៅក្នុងក្រុម ប៉ុន្ដែពួកយើងនឹងព្យាយាមលេងឲ្យឈ្នះក្នុងការប្រកួតនេះ ។ ពួកយើងបានត្រៀមខ្លួនរួចរាល់ហើយ សម្រាប់ការប្រកួតថ្ងៃស្អែក ។ យើងសង្ឃឹមថា ការប្រកួតស្អែកនេះ យើងនឹងយកលទ្ធផលល្អជូនអ្នកគាំទ្រ»

ដោយឡែកលោក Abdullah Almutairi គ្រូបង្វឹកក្រុមជម្រើសជាតិស្រីលង្កាវិញ បានទទួលស្គាល់កម្ពុជា គឺជាក្រុមល្អមួយ បន្ទាប់ពីក្រុមទាំងពីរ បានប្រកួតស្មើគ្នា ០-០ កាលពីជើងទី១ នៅប្រទេសស្រីលង្កា ។ ដូច្នេះលោករំពឹងថា ជំនួបជើងទី២ ស្អែកនេះ នឹងក្លាយជាការប្រកួតដ៏តានតឹងសម្រាប់ក្រុមទាំងពីរ ហើយលោកក៏សង្ឃឹមថា នឹងមានអ្នកគាំទ្រចូលរួមទស្សនាការប្រកួតនេះឲ្យបានច្រើនកុះករផងដែរ ។

គ្រូបង្វឹកដដែលបន្ដថា «ពួកយើងពិតជារីករាយដែលបានមកទីនេះ ។ ពួកយើងទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅ សរុបមកអ្វីៗនៅទីនេះល្អ ។ សម្រាប់ការប្រកួតថ្ងៃស្អែក នឹងពិបាកសម្រាប់ក្រុមទាំងពីរ ដោយសារការប្រកួតជើងទី១ ក្រុមទាំងពីរស្មើគ្នា ។ ដូច្នេះនឹងធ្វើឲ្យការប្រកួតថ្ងៃស្អែក មានការលំបាកសម្រាប់ក្រុមទាំងពីរ» ។ បែបនេះក្ដី លោកនៅតែជឿជាក់លើក្រុមខ្លួន នឹងខំប្រឹងដើម្បីទទួលបានលទ្ធផលល្អលើទឹកដីកម្ពុជា ។

គួរដឹងថា ជំនួបជើងទី២ រវាងក្រុមគោព្រៃកម្ពុជា និងជម្រើសជាតិស្រីលង្កា គឺដើម្បីកាត់សេចក្ដីរកក្រុមឈ្នះឡើងទៅវគ្គបន្ដ នៃពានរង្វាន់ប្រចាំទ្វីបអាស៊ី AFC Asian Cup Saudi Arabia 2027 បន្ទាប់ពីជើងទី១ ប្រកួតនៅទឹកដីស្រីលង្កា កាលពីថ្ងៃទី០៥ ខែកញ្ញាកន្លងទៅ បានត្រឹមស្មើគ្នា ០-០ ៕