(ភ្នំពេញ)៖ ធនាគារ ABA ដែលជាធនាគារពាណិជ្ជធំជាងគេនៅកម្ពុជា និងជាគ្រឹះស្ថានផ្ដល់សេវាហិរញ្ញវត្ថុឌីជីថលឈានមុខ ទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពចំនួន ២ពីទស្សនាវដ្តី International Finance។ ឆ្នាំនេះ បានប្រាកដឡើងជាលើកដំបូងសម្រាប់ផ្លែតហ្វមពេញលេញ ABA Business ដែលត្រូវបានទទួលស្គាល់ជា សេវាធនាគារអនឡាញសម្រាប់សាជីវកម្មឆ្នើមបំផុតនៅកម្ពុជា។ ចំណែកឯពានមួយទៀតសម្រាប់ ABA គឺកិត្តិនាមជាធនាគារឌីជីថលឆ្នើមបំផុតនៅកម្ពុជា ជាលើកទី២ ក្នុងរយៈពេល២ឆ្នាំជាប់ៗគ្នា ដែលឆ្លុះបញ្ចាំងពីសមិទ្ធផលល្អប្រសើរគួរឲ្យកត់សម្គាល់ និងសមត្ថភាពលេចធ្លោក្នុងវិស័យហិរញ្ញវត្ថុ។

វឌ្ឍនភាពថ្មីលើសេវាធនាគារសម្រាប់អាជីវកម្មនៅកម្ពុជា។ ធនាគារ ABA តែងតែនាំមុខគេនៅកម្ពុជា លើទំនើបកម្មសេវាធនាគារ ដោយបញ្ចូលបច្ចេកវិទ្យាឈានមុខថ្មីៗ ទៅក្នុងបណ្ដាសេវាធនាគាររបស់ខ្លួន។ ចាប់តាំងពីបានដាក់ឲ្យដំណើរការក្នុងឆ្នាំ ២០១៨មក ផ្លែតហ្វម ABA Business បានបង្ហាញឲ្យឃើញពីភាពរីកចម្រើនគួរឲ្យកត់សម្គាល់ ដោយមានសមត្ថភាពបត់បែនតម្រូវតាមអាជីវកម្មតូចធំទាំងអស់ រាប់ចាប់ពីសហគ្រាសខ្នាតតូច រហូតដល់សាជីវកម្មពហុជាតិធំៗ ខណៈដែលប្រតិបត្តិការសេវាផ្ដល់ភាពងាយស្រួល និងសុវត្ថិភាពខ្ពស់។

ផ្លែតហ្វម ABA Business បានរក្សាជំហរដ៏រឹងមាំនៅក្នុងទីផ្សារហិរញ្ញវត្ថុ ដោយផ្ដល់នូវសំណុំមុខងារពេញលេញសម្បូរបែបរបស់ខ្លួន តាមរយៈមុខងារយ៉ាងច្រើនសម្បូរបែប ដែលអនុញ្ញាតឲ្យអាជីវកម្មគ្រប់គ្រងប្រតិបត្តិការ របស់ពួកគេប្រកបដោយប្រសិទ្ធភាព។ សេវាទាំងនោះរួមមាន មុខងារបើកប្រាក់បៀវត្សរ៍បុគ្គលិក និងថ្នាក់ដឹកនាំ, មុខងារបង់វិក្ក័យបត្រទឹក ភ្លើង និងសំរាម, មុខងារបង់ពន្ធដារ និងពន្ធគយ, មុខងារទាត់ស្វ័យប្រវត្តិតាមកាលវិភាគ និងជាសំណុំ និងបណ្ដាមុខងារទូលំទូលាយផ្សេងៗជាច្រើនទៀត សម្រាប់ការគ្រប់គ្រងការប្រមូលប្រាក់ទូទាត់ពីដៃគូ និងការទូទាត់ចំណាយ។

បន្ថែមលើនេះទៀត ផ្លែតហ្វម ABA Business ក៏អនុញ្ញាតឲ្យមានការភ្ជាប់ប្រព័ន្ធភាគីទីបី ERP និងប្រព័ន្ធទ្រទ្រង់ (back-office system) តាមរយៈសេវាកម្មប្រតិបត្តិការផ្ទាល់ (Host-to-Host) ក៏ដូចជាប្រព័ន្ធគណនេយ្យភាគីទីបី ដើម្បីផ្គូផ្គងផ្ទៀងផ្ទាត់គណនីយ៉ាងងាយស្រួល។ មុខងារទាំងនេះ នៃផ្លែតហ្វម ABA Business ជាមួយការផ្ទៀងផ្ទាត់ពីរកត្តា (two-factor authentication) និងដំណើរការអនុម័តច្រើនកម្រិត បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការកាត់បន្ថយកំហុស និងរំហូរការងារដោយដៃ ពង្រឹងប្រសិទ្ធភាពប្រតិបត្តិការ ផ្ដល់នូវសុវត្ថិភាពខ្ពស់បំផុត និងងាយស្រួលបញ្ចូលក្នុងដំណើរប្រតិបត្តិការ បម្រើអតិថិជនរបស់អាជីវកម្ម។

គួរឲ្យកត់សម្គាល់ថា ចន្លោះពីឆ្នាំ២០២១ និង២០២៣ ផ្លែតហ្វម ABA Business មានអត្រាកំណើនអតិថិជនប្រចាំឆ្នាំចំនួន ៤៣%។ ការធ្វើប្រតិបត្តិការប្រព័ន្ធអនឡាញតាមរយៈផ្លែតហ្វម ABA Business ក៏មានអត្រាកំណើនដល់ ២០០% ដែលគិតជាទឹកប្រាក់បានហក់លើស ១០ពាន់លានដុល្លារអាមេរិក។ ការកើនឡើងនេះ បានបង្ហាញពីការបេ្តជ្ញាចិត្តរបស់ធនាគារ ក្នុងការបម្រើសេវាធនាគារប្រកបដោយភាពបត់បែនតម្រូវ តាមអាជីវកម្មកម្ពុជាតូចធំទាំងអស់ ដែលបានឆ្លុះបញ្ចាំងពីទំនុកចិត្ត និងការប្រើប្រាស់ប្រកបដោយភាពជឿជាក់របស់អតិថិជនជាមួយ ABA។

ការកំណត់ស្តង់ដារហិរញ្ញវត្ថុផ្នែកឌីជីថល ជាមួយនឹងវឌ្ឍនភាពថ្មីនៃឌីជីថល ធនាគារ ABA បន្តភាពល្អឯកក្នុងសេវាធនាគារ ជាមួយអេប ដ៏ប្រណីតផ្ដាច់គេ ពេញនិយមបំផុត និងងាយស្រួលប្រើប្រាស់ គឺ ABA Mobile និងអេប ABA Merchant ដែលផ្តោតសំខាន់លើអាជីវកម្ម។

ក្នុងឆ្នាំ ២០២៣ ធនាគារ ABA ទទួលបានកំណើនអ្នកប្រើប្រាស់ សម្រាប់អេបទាំងពីរ ដោយ ABA Mobile អ្នកប្រើប្រាស់កើនបាន ៣០% ហើយបណ្ដាញអាជីវករទូទាត់តាម KHQR សម្រាប់ ABA Merchant កើនបាន ៤៣%។ ធនាគារកំពុងបង្កើន និងពង្រឹងវឌ្ឍនភាពថ្មីៗរបស់អេបទាំងពីរ ដើម្បីផ្តល់ភាពងាយស្រួល និងសុវត្ថិភាពកាន់តែរឹងមំាជាលំដាប់ដល់អ្នកប្រើប្រាស់។

អេប ABA Mobile ក្នុងកំណែ ៥.០ មានផ្ទៃអន្តរកម្មថ្មីរស់រវើក ដែលអាចរៀបចំអេក្រង់ឲ្យមានលក្ខណៈផ្ទាល់ខ្លួន ជ្រើសរើសម៉ូដរចនា ដូរទំហំអក្សរ កែសម្រួលផ្ទាំងវិចិត្រតាមតម្រូវការ និងស្របតាមអ្នកប្រើប្រាស់ម្នាក់ៗ រួមទាំងបទពិសោធកាន់តែប្រសើរជាមួយគម្រោងទិន្នន័យឥតគិតថ្លៃនៅក្នុងអេប ដែលអ្នកប្រើប្រាស់ជាមួយប្រព័ន្ធទូរស័ព្ទមួយចំនួន អាចប្រើ ABA Mobile ដោយមិនចាំបាច់មាន ឬមិនមានកាត់សេវាអ៊ីនធឺណិតផ្ទាល់ខ្លួនឡើយ។ បន្ទាប់ពីការដាក់ដំណើរការការទូទាត់ឆ្លងប្រទេសរបស់ប្រព័ន្ធបាគង អ្នកប្រើប្រាស់ អេប ABA Mobile ក៏អាចធ្វើការស្គែនទូទាត់ជាមួយកូដ Thai QR នៅប្រទេសថៃបានផងដែរ។

អេប ABA Merchant ក៏បន្តទទួលបានការកែប្រែ ដូចជាមុខងារវិភាគ ដែលអនុញ្ញាតឲ្យម្ចាស់អាជីវកម្មប្រើប្រាស់ និងវិភាគទិន្នន័យ ដែលជួយឲ្យពួកគាត់គ្រប់គ្រងសកម្មភាពលក់ដូរប្រកបដោយប្រសិទ្ធភាព និងពង្រឹងទំនាក់ទំនងជាមួយអតិថិជនឲ្យកាន់តែប្រសើរ។
អេបទាំងពីរនេះ ជាមូលដ្ឋានគ្រឹះពង្រឹងបន្ថែមលើឧត្តមភាព ក្នុងការទូទាត់ផ្នែកឌីជីថល ដែលផ្តល់នូវភាពងាយស្រួលលើសគេ សម្រាប់អតិថិជនរបស់ខ្លួន។
ដោយត្រូវបានទទួលស្គាល់ និងផ្ដល់កិត្តិនាមជាបន្តបន្ទាប់ពីសំណាក់ស្ថាប័នអន្តរជាតិកំពូលជាច្រើន ABA បង្ហាញឲ្យឃើញពីជំហរប្រកបដោយស្ថិរភាពរឹងមាំ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះអតិថិជនគ្រប់រូប ដែលរួមចំណែកដល់កំណើននៃវិស័យហិរញ្ញវត្ថុ និងធនាគារនៅក្នុងប្រទេសកម្ពុជា សមស្របទៅនឹងកិត្តិនាមជាធនាគារឆ្នើមបំផុតនៅកម្ពុជា៕