(បរទេស)៖ ក្រុមហ៊ុន Apple បានរៀបចំមហាព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់ខ្លួន ដើម្បីប្រកាសបង្ហាញផលិតផលថ្មី ដែលក្នុងនោះ iPhone 16 ត្រូវបានប្រកាសបង្ហាញវត្តមានជាផ្លូវការ អមមកជាមួយនូវលក្ខណៈសម្បត្តិថ្មីៗមួយចំនួន។ នេះ​បើយោងតាម​ការ​ចេញផ្សាយរបស់សារព័ត៌មាន GSM Arena ចេញផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤។

នៅក្នុងព្រឹត្តិការណ៍ «It's Glowtime» ក្រុមហ៊ុន Apple បានប្រកាសបង្ហាញ iPhone ជំនាន់ថ្មីចំនួន ៤ម៉ូដែលគឺ iPhone 16, 16 Plus, 16 Pro និង 16 Pro Max។ ចំពោះម៉ូដែល iPhone 16 Pro ក្រុមហ៊ុន Apple បានបន្ថែមមុខពិសេសមួយចំនួន​សម្រាប់ជាជំនួយ​ក្នុង​ការថតរូប និងវីដេអូ ប៉ុន្តែអ្វីដែលអស្ចារ្យនោះគឺថា គ្រប់ម៉ូដែលរបស់ iPhone 16 នឹងត្រូវបានបញ្ចូលនូវមុខងារ AI ដែលត្រូវបាន​គេស្គាល់ឈ្មោះថា Apple Intelligence ដែលវាបានធ្វើឱ្យ iPhone 16 ជាម៉ូដែលដំបូងគេដែលបំពាក់នូវមុខងារ AI ក្នុងត្រកូល iPhone ។

ក្រៅពីក្រកូល iPhone 16 ហើយនោះ ក្រុមហ៊ុន Apple ក៏បានប្រកាសបង្ហាញនូវផលិតផលថ្មីដូចជានាឡិកាដៃឆ្លាតវៃ Apple Watch Series 10 និង Apple Watch Ultra 3 ដែលមានអេក្រង់បង្ហាញធំជាងមុន និងស្ដើងជាងមុន ខណៈ AirPods 4 ក៏ត្រូវ​បាន​បង្ហាញ និងមានតម្លៃទាប ដោយបាន​បន្ថែម​មុខងារ Find My, មុខងារកាត់បន្ថយសំឡេងរំខានពីបរិយាកាសខាងក្រៅបាន​ល្អ​ជាងមុន និងអាចភ្ជាប់ជាមួយ USB-C charging។

នៅក្នុងព្រឹត្តិការណ៍នេះផងដែរថា ក្រុមហ៊ុន Apple បានបង្ហាញឱ្យដឹងថា មុខងារ AI ដែលមានឈ្មោះថា Apple Intelligence នឹងត្រូវដាក់បញ្ចូលទៅក្នុង iOS 18, iPadOS 18, macOS Sequoia, watchOS 11 និង visionOS 2។

តាមរយៈព្រឹត្តិការណ៍ទាំងមូលយើងសង្កេតឃើញថា រាល់ផលិតផលដែលក្រុមហ៊ុន Apple បានបង្ហាញគឺវាមិនសូវខុសអ្វីពី​ព័ត៌មានដែលបានបែកធ្លាយនៅមុនថ្ងៃប្រកាសបង្ហាញឡើយ៕