(ភ្នំពេញ)៖ ជម្រើសជាតិកម្ពុជា នឹងបើកទ្វាផ្ទះជម្រះបញ្ជីជាមួយក្រុមជម្រើសជាតិស្រីលង្កា ក្នុងប្រកួតកាត់សេចក្តីជើងទី២ នៃវគ្គជម្រុះពានរង្វាន់ AFC Asian Cup Saudi Arabia 2027 នៅម៉ោង ៧:០០នាទីល្ងាចនេះ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ បន្ទាប់ពីជើងទី១ លេងស្មើគ្នាដោយគ្មានគ្រាប់ស៊ុត។

មុនការប្រកួតនេះ លោក Felix Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានបង្ហាញនៅក្តីរំពឹងថាក្រុមខ្លួននឹងនាំយកលទ្ធផលល្អជូនអ្នកគាំទ្រលើទឹកដី ដែលការជួបក្រុមស្រីលង្កាលើកនេះ គឺជាទំព័រថ្មីមួយ ដែលកម្ពុជាត្រូវជួបក្រុមសម្បូរដោយកីឡាករលេងនៅអឺរ៉ុប ។ យ៉ាងណាមិញលោកជឿជាក់លើកូនក្រុមដែលបានជ្រើសរើស នឹងខំប្រឹងអស់ពីសមត្ថភាពក្នុងការប្រកួតនេះ ដើម្បីនាំមកនូវលទ្ធផលល្អ ។

លោកបន្តថា «សម្រាប់ការប្រកួតនេះ ពួកយើងដឹងហើយថា យើងនឹងត្រូវប្រកួតជាមួយក្រុមដែលរៀបចំខ្លួនបានល្អ ហើយខ្ញុំជឿថា នេះជាលើកទី១ ដែលក្រុមជម្រើសជាតិកម្ពុជា ប្រកួតជាមួយនឹងក្រុមដែលមានកីឡាករអឺរ៉ុបច្រើននៅក្នុងក្រុម ប៉ុន្ដែពួកយើងនឹងព្យាយាមលេងឲ្យឈ្នះក្នុងការប្រកួតនេះ ។ ពួកយើងបានត្រៀមខ្លួនរួចរាល់ហើយ សម្រាប់ការប្រកួតថ្ងៃស្អែក ។ យើងសង្ឃឹមថា ការប្រកួតស្អែកនេះ យើងនឹងយកលទ្ធផលល្អជូនអ្នកគាំទ្រ»

ដោយឡែកលោក Abdullah Almutairi គ្រូបង្វឹកក្រុមជម្រើសជាតិស្រីលង្កា វិញ មានការទទួលស្គាល់ថាកម្ពុជា គឺជាក្រុមល្អមួយ បន្ទាប់ពីក្រុមទាំងពីរ បានប្រកួតស្មើគ្នា ០-០ កាលពីជើងទី១ នៅប្រទេសស្រីលង្កា ។ ដូច្នេះរំពឹងថា ជំនួបជើងទី២ នឹងក្លាយជាការប្រកួតដ៏តានតឹងសម្រាប់ក្រុមទាំងពីរ ហើយក៏សង្ឃឹមថា នឹងមានអ្នកគាំទ្រចូលរួមទស្សនាការប្រកួតនេះឲ្យបានច្រើនកុះករផងដែរ ។

គួរដឹងថា នេះជាការប្រកួតវគ្គជម្រុះពានរង្វាន់ ប្រចាំទ្វីបអាស៊ី AFC Asian Cup Saudi Arabia 2027​ ដើម្បីកាត់សេចក្ដីរកក្រុមឈ្នះឡើងទៅវគ្គជម្រុះជុំទី៣ ជាបន្តទៀ ៕