(ឡុងដ៍)៖ ប្រធានក្រុម Harry Kane នឹងដើរតួជាកីឡាករទី១០ នៃប្រវត្តិសាស្រ្តជម្រើសជាតិតោកំណាចអង់គ្លេស ដែលបានបង្ហាញខ្លួនចាប់ពី ១០០ប្រកួតឡើងទៅ នៅពេលពើបប្រទះទល់នឹងហ្វាំងឡង់ ក្នុងពានលីគអឺរ៉ុប UEFA Nations League 2024-2025 នៅរាត្រីនេះ។

តាមរយៈការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះបានឱ្យដឹងថា ខ្សែប្រយុទ្ធពាក់លេខ៩ រូបនេះ នឹងចូលលេងលើកទី១០០ ប្រកួតជាមួយអង់គ្លេស គិតចាប់តាំងបង្ហាញខ្លួនលើកដំបូងក្នុងឆ្នាំ២០១៥ និងជាអ្នកស៊ុតច្រើនគ្រាប់មានដល់ទៅ ៦៦គ្រាប់ ពីការចូលលេង ៩៩ប្រកួតមកនេះ។

ការជួបហ្វាំងឡង់ នៅកីឡដ្ឋាន Wembley ក្នុងពាន Nations League នារាត្រីឈានចូលថ្ងៃទីពុធ ទី១១ ខែកញ្ញា នៅវេលាម៉ោង ១:៤៥នាទីយប់ (ម៉ោងនៅកម្ពុជា) វាជាការបង្ហាញខ្លួនលើកទី១០០ដង របស់ខ្សែប្រយុទ្ធដែលបានកំពុងប្រកបអាជីពបាល់ទាត់ក្នុងក្លិប Bayern Munich ស្របពេលកីឡាករ ៩នាក់ផ្សេងទៀត ដែលចូលលេងលើសពី ៣ខ្ទង់ជាមួយអង់គ្លេសបានចូលនិវត្តន៍អស់ហើយមានដូចខាងក្រោម៖

១៖ Peter Shilton ១២៥ប្រកួត
២៖ Wayne Rooney ១២០ប្រកួត
៣៖ David Beckham ១១៥ប្រកួត
៤៖ Steven Gerrard ១១៤ប្រកួត
៥៖ Bobby Moore ១០៨ប្រកួត
៦៖ Ashely Cole ១០៧ប្រកួត
៧៖ Bobby Charlton ១០៦ប្រកួត
៨៖ Frank Lampard ១០៦ប្រកួត
៩៖ Billy Wright ១០៥ប្រកួត៕