(ប៉ារីស)៖ តារាជើងស៊ុត Kylian Mbappe ត្រូវបានគ្រូបង្វឹកបារាំង លោក Didier Deschamps ដាក់ឱ្យអង្គុយកៅអីបម្រុង ក្នុងជំនួបដែលក្រុមមាន់គកមួយនេះបានយកឈ្នះប៊ែលហ្សិក ២-០ នាយប់មិញ ក្នុងប្រកួតវគ្គសន្សំពិន្ទុលើកទី២ នៅកម្មវិធីលីគអឺរ៉ុប UEFA Nations League 2024-2025។

តាមរយៈការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះបានឱ្យដឹងថា ប្រធានក្រុមរូបនេះ ត្រូវបានដាក់ឱ្យចូលលេងក្នុងនាមកីឡាករបម្រុង ក្នុងប្រកួតទី២ ប្រចាំក្រុម២ League A ក្រោយពេលជាប់ក្នុងជម្រើស ១១នាក់ និងលេងពេញម៉ោងផងដែរនៅថ្ងៃប្រកួតបើកឆាក ដែលបានចាញ់អ៊ីតាលី ៣-១ កាលពីរាត្រីថ្ងៃសុក្រសប្តាហ៍មុន។

Mbappe ដែលជ្រើសរើសចេញពីក្លិប Real Madrid ត្រូវបានដាក់ចូលលេងនៅពាក់កណ្តាលតង់ទី២ ជាមួយនឹងឱកាស ២លើកក្នុងការរកគ្រាប់បាល់ ប៉ុន្តែធ្វើពុំបានសម្រេច បន្ទាប់ពីមិត្តរួមក្រុម Muani និង Dembele ជ្រើសរើសចេញពីក្លិប Paris Saint Germain ដូចគ្នា រកបានម្នាក់ ១គ្រាប់នាំមុខក្រុមភ្ញៀវទៅហើយនោះ។

ឆ្លងតាមជ័យជម្នះនេះដែរ បានញាំងឱ្យអតីតជើងឯកជំនាន់ទី២ Nations League បារាំង ឡើងទៅឈរនៅលេខ២ ក្នុងពូលជាបណ្តោះអាសន្ន មាន ៣ពិន្ទុស្មើគ្នាជាមួយប៊ែលហ្សិក តាមពីក្រោយអ៊ីតាលី អតីតក្រុមលេខ៣ កាលឆ្នាំ២០២៣ ដែលឈរទីកំពូលតារាង ក្រោយឈ្នះម្ចាស់ផ្ទះអ៊ីស្រាអែល ២-១ ក្នុងប្រកួតទី២ របស់ពួកគេទៀត៕