(បរទេស)៖ ក្រុមហ៊ុន Huawei Technologies របស់ប្រទេសចិន បានប្រកាសបង្ហាញទូរស័ព្ទអេក្រង់បត់ ៣តង់ដំបូងបំផុតរបស់ខ្លួននៅថ្ងៃអង្គារសប្តាហ៍នេះ ហើយត្រូវបានគេមើលឃើញថា ស្មាតហ្វូននេះកំពុងក្លាយជាគូប្រជែងដ៏សំខាន់របស់ក្រុមហ៊ុន Apple ក្នុងទីផ្សារប្រទេសចិន ត្បតិស្មាតហ្វូនរបស់ក្រុមហ៊ុនទាំងពីរនេះ បានចេញមកក្នុងពេលដំណាលគ្នា និងមានលក្ខណៈពិសេសរៀងៗខ្លួន។

បើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters បានឲ្យដឹងថា ប៉ុន្មានម៉ោងបន្ទាប់ពីក្រុមហ៊ុន Apple បានបង្ហាញទូរស័ព្ទ iPhone ម៉ូដែលចុងក្រោយរបស់ខ្លួន គឺត្រកូល iPhone 16 នោះ ក្រុមហ៊ុន Huawei ក៏កំពុងរៀបចំព្រឹត្តិការណ៍សម្ពោធស្មាតហ្វូនរាងអក្សរ Z (អេក្រង់បត់៣តង់) ថ្មីម៉ូដែល Mate XT ផងដែរ ដែលត្រូវបានដាក់បង្ហាញនៅលើហាងលក់ទំនិញអនឡាញនៅក្នុងប្រទេសចិន។ គេហទំព័ររបស់ក្រុមហ៊ុន Huawei ក៏បានបញ្ជាក់ថា ស្មាតហ្វូនថ្មីរបស់ខ្លួនទទួលបានការបញ្ជាទិញជាមុន (Pre-Order) ជាង ៣.៣ លានគ្រឿងឯណោះ ហើយក៏មិនចាំបាច់មានប្រាក់កក់ផងដែរ។ យោងតាមក្រុមហ៊ុនស្រាវជ្រាវ IDC បានឱ្យដឹងថា តាមការប្រៀបធៀបទីផ្សារពិភពលោកទាំងមូលសម្រាប់ទូរស័ព្ទដែលអាចបត់បាន គឺមានប្រហែល ៤លានគ្រឿងនៅក្នុងត្រីមាសទីពីរ។

ការចេញលក់ចុងក្រោយបំផុត ដែលធ្វើឡើងបន្ទាប់ពីចេញលក់ស្មាតហ្វូនជោគជ័យជាបន្តបន្ទាប់ ចាប់តាំងពីឆ្នាំមុនមកនោះ បានគូសបញ្ជាក់អំពីសមត្ថភាពរបស់ក្រុមហ៊ុន Huawei ក្នុងការរំដោះខ្លួនចេញពីការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងពង្រឹងជំហររបស់ខ្លួនប្រឆាំងនឹង Apple នៅក្នុងទីផ្សារប្រទេសចិន។ អ្នកវិភាគបាននិយាយថា កត្តាតម្លៃខ្ពស់ដ៏ធឹ និងចំនួនមានកំណត់ ទំនងជាធ្វើឱ្យម៉ូដែលថ្មីជាប្រភេទអេក្រង់បត់៣តង់នេះ ក្លាយជានិមិត្តសញ្ញានៃសមត្ថភាពបច្ចេកវិទ្យារបស់ក្រុមហ៊ុន Huawei ជាងការជំរុញផ្នែកលក់។

លោក Jene Park អ្នកវិភាគនៅក្រុមហ៊ុនស្រាវជ្រាវ Counterpoint បាននិយាយថា «ផលិតផល Huawei នាពេលខាងមុខ មិនត្រូវបានគេរំពឹងថានឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់អាជីវកម្មរបស់ Samsung និង Apple ទាក់ទងនឹងបរិមាណផលិតផលនោះទេ»។ លោកថា «វាមានដែនកំណត់ចំពោះបរិមាណនៃផលិតផលដែលបានផ្គត់ផ្គង់។ ទោះយ៉ាងណាក៏ដោយ វាអាចមានផលប៉ះពាល់ខ្លះដល់ការលក់នៅក្នុងទីផ្សារចិន»។

គួរជម្រាបថា ក្រុមហ៊ុន Huawei បានជាប់ចំណាត់ថ្នាក់ទី៤ ក្នុងការនាំចេញស្មាតហ្វូនទូទាំងពិភពលោក ជាមួយនឹងស្មាតហ្វូនចំនួន ១០.៦លានគ្រឿងត្រូវបាននាំចេញ នេះបើយោងតាម Canalys៕