(ភ្នំពេញ)៖ វេទិកា Temenos Regional Forum 2024 ប្រចាំតំបន់អាស៊ាន បានប្រមូលផ្តុំអ្នកជំនាញលើវិស័យធនាគារជាង ២០០នាក់ ដើម្បីពិភាក្សាអំពីអនាគតនៃវិស័យធនាគារនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលបានប្រារព្ធឡើងនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី កាលពីពេលថ្មីៗកន្លងទៅនេះ។ ទន្ទឹមនឹងការពិភាក្សាទៅលើនិន្នាការសំខាន់ៗ ក៏ដូចជាឱកាសនៅក្នុងទីផ្សារព្រឹត្តិការណ៍នេះ​បានប្រព្រឹត្តឡើងក្នុង​ឱកាសអបអរសាទរដល់ធនាគារ មកពីជុំវិញតំបន់ដែលកំពុងឈានមុខគេក្នុងការធ្វើទំនើបកម្ម បរិវត្តកម្ម និងការច្នៃប្រឌិត។

ក្នុងឱកាសដ៏ពិសេសនេះផងដែរ អិលអូអិលស៊ី (ខេមបូឌា) បានទទួលពានរង្វាន់ឆ្នើមលើបរិវត្តកម្មប្រព័ន្ធធនាគារស្នូល( Core Transformation Award ) នៅក្នុងវេទិកា Temenos Regional Forum ឆ្នាំ២០២៤ នេះ ក្នុងការទទួលស្គាល់ការអនុវត្តគម្រោងដ៏ស្មុគស្មាញដើម្បីធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធធនាគារស្នូល Temenos នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជាមួយនឹងការបញ្ចប់គម្រោងស្របតាមកាលវិភាគបាន ៨៥ភាគរយ ហើយអាចរក្សាបាននូវបញ្ហាដែលអាចកើតមានឡើងអំឡុងពេលធ្វើបរិវត្តកម្មយ៉ាងតិចបំផុត។

Temenos បានបញ្ជាក់ថា អិលអូអិលស៊ី គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំជាងគេ និងលេចធ្លោបំផុតមួយនៅក្នុងប្រទេសកម្ពុជា ដែលជួយដល់សហគមន៍ឱ្យទទួលបានសេវាហិរញ្ញវត្ថុដែលមានតម្លៃសមរម្យ។ អិលអូអិលស៊ី ផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុជាច្រើន មានដូចជាកម្ចីខ្នាតតូច ប្រាក់កម្ចីសហគ្រាសខ្នាតតូច និងមធ្យម និងផលិតផលប្រាក់បញ្ញើ ដោយផ្តោតលើបុគ្គលដែលមានចំណូលទាប និងអាជីវកម្មខ្នាតតូច​ជាចម្បង។ ​អិលអូអិលស៊ី កំពុងឆ្លងកាត់ការផ្លាស់ប្តូរដ៏ធំមួយ ដើម្បីគាំទ្រដល់ការវិវត្តរបស់ខ្លួន ឈានទៅកម្រិតបន្ទាប់នៃគ្រឹះស្ថានហិរញ្ញវត្ថុដែលមានប្រព័ន្ធធនាគារស្នូលដ៏រឹងមាំ។

ការឈ្នះពានរង្វាន់នាពេលថ្មីៗនេះរបស់ អិលអូអិលស៊ី នៅវេទិកា Temenos Regional Forum 2024 (ASEAN) គឺជាសក្ខីភាពមួយដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់អិលអូអិលស៊ី ក្នុងការច្នៃប្រឌិត និងការធ្វើបរិវត្តកម្ម ឌីជីថលឱ្យកាន់តែទំនើបដើម្បីបន្តផ្តល់នូវសេវាធនាគារកាន់តែសម្បូរបែប និងមានប្រសិទ្ធភាពខ្ពស់ជូនដល់អតិថិជន ព្រមទាំងបង្ហាញពីភាពរីកចម្រើននៅក្នុងវិស័យហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា ក៏ដូចជានៅក្នុងតំបន់។ សមិទ្ធផលនេះគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់ស្ថាប័នហិរញ្ញវត្ថុក្នុងការប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការ និងផ្តល់សេវាកម្មហិរញ្ញវត្ថុ​ដ៏ប្រសើរជូន​ដល់អតិថិជនរបស់ខ្លួន។

Temenos AG គឺជាក្រុមហ៊ុនដែលមានទីស្នាក់ការកណ្តាលនៅប្រទេសស្វីស មានជំនាញក្នុងការផ្តល់នូវប្រព័ន្ធកម្មវិធីសម្រាប់គ្រឹះស្ថានធនាគារ មីក្រូហិរញ្ញវត្ថុ និងសេវាកម្មហិរញ្ញវត្ថុ។ Temenos ត្រូវបានបង្កើត​ឡើងនៅឆ្នាំ១៩៩៣ ហើយក៏ត្រូវបានចុះបញ្ជីលើទីផ្សារភាគហ៊ុនរបស់ប្រទេសស្វីសផងដែរ។

អិលអូអិលស៊ី ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលមានភាពលេចធ្លោជាងគេមួយនៅក្នុងប្រទេសកម្ពុជា ដែលមានទ្រព្យសកម្ម​សរុបជាង ១,៥៥ពាន់លានដុល្លារអាមេរិក និងបុគ្គលិកដែលមានបទពិសោធន៍ ជាង ៣.៦០០នាក់ គិតត្រឹមខែមិថុនា ឆ្នាំ២០២៤។

អិលអូអិលស៊ី មានបេសកកម្មបង្កើតនូវលទ្ធផលវិជ្ជមានយូរអង្វែងដល់សហគមន៍ តាមរយៈការផ្តល់នូវបរិយាបន្នហិរញ្ញវត្ថុ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះអតិថិជនប្រកបដោយនិរន្តរភាព ព្រមទាំងបង្កើតតម្លៃដល់គ្រប់ភាគីពាក់ព័ន្ធ៕