(ភ្នំពេញ)៖ ធនាគារ ABA បានប្រកាសបរិច្ចាគថវិកាសរុបចំនួន ៦ម៉ឺនដុល្លារអាមេរិក សម្រាប់រយៈពេល ៣ឆ្នាំ ជូនដល់អង្គការមូលនិធិកុមារកម្ពុជា (CCF)។ ការគាំទ្រនេះ មានគោលបំណងជួយទ្រទ្រង់ការអប់រំប្រកបដោយគុណភាពប្រសើរសម្រាប់កុមារក្រីក្រកម្ពុជា។

ភាគីទាំងសងខាងបានចុះហត្ថលេខាលើភាពជាដៃគូចលនូបត្ថម្ភជាផ្លូវការ កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមវត្តមានរបស់ លោក Scott Neeson ស្ថាបនិក និងនាយកប្រតិបត្តិអង្គការមូលនិធិកុមារកម្ពុជា និងលោក Igor Zimarev នាយកទីផ្សារ និងកិច្ចការទំនួលខុសត្រូវសង្គម នៃធនាគារ ABA រួមទាំងតំណាងរបស់គ្រឹះស្ថានទាំងពីរ។

កិច្ចព្រមព្រៀងនេះបានបង្ហាញពីគម្រោងរយៈពេល ៣ឆ្នាំ ដែល ABA នឹងផ្តល់ថវិកាចំនួន ២ម៉ឺនដុល្លារអាមេរិក ក្នុងមួយឆ្នាំ ដល់កម្មវិធីអប់រំកម្រិតបឋមសិក្សា របស់អង្គការមូលនិធិកុមារកម្ពុជា។ ការរួមចំណែកនេះនឹងធានាផ្តល់នូវការអប់រំពេញលេញដល់សិស្សានុសិស្សជាច្រើនរូប។ រហូតមកដល់ពេលនេះ សិស្សានុសិស្សកម្រិតមូលដ្ឋាន ចំនួនប្រហែលជាង ៧៤០នាក់ បានទទួលបានការអប់រំនៅសាលារៀន Satellite ចំនួន៦ របស់អង្គការមូលនិធិកុមារកម្ពុជា ។

បន្ថែមពីជំនួយថវិកា ABA ក៏បានបរិច្ចាគ ឈុតកុំព្យូទ័រលើតុ រ៉ោតទ័រ និងស្វីច សម្រាប់ថ្នាក់កុំព្យូទ័ររបស់សាលារៀនមួយរបស់អង្គការផងដែរ។ ការបរិច្ចាគនេះ បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ធនាគារក្នុងការជួយគាំទ្រសិស្សានុសិស្សទៅលើចំណេះដឹងផ្នែកឌីជីថល នៅក្នុងសង្គមដែលជំរុញដោយបច្ចេកវិទ្យា។

លោក Igor Zimarev នាយកទីផ្សារ និងកិច្ចការទំនួលខុសត្រូវសង្គមនៃធនាគារ ABA មានប្រសាសន៍ថា «យើងខ្ញុំមានកិត្តិយសដែលបានរួមចំណែក ដល់អង្គការមូលនិធិកុមារកម្ពុជា ដើម្បីផ្តល់នូវការផ្លាស់ប្តូរដល់កុមារក្រីក្រជាថ្មីម្ដងទៀត។ នៅធនាគារ ABA យើងខ្ញុំជឿជាក់ថា ការអប់រំគឺជាមូលដ្ឋានគ្រឹះនៃសង្គមមួយដែលមានវឌ្ឍនភាព និងសមភាព។ យើងខ្ញុំបានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការជំរុញការរីកចម្រើន ឱកាសល្អៗ និងការផ្លាស់ប្តូរក្នុងសង្គមយើង តាមរយៈការវិនិយោគលើអនាគតរបស់កុមារទាំងនេះ»។​

កាលពីឆ្នាំ២០២៣ ធនាគារក៏បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ (MoU) ជាមួយអង្គការមូលនិធិកុមារកម្ពុជា ដើម្បីបង្កើត កម្មវិធីអភិវឌ្ឍសម្រាប់ទាំងអស់គ្នា ក្នុងគោលដៅជួយដល់កុមារខ្វះខាត តាមរយៈការផ្តល់ឱកាសហាត់ការ និងឱកាសការងារ អាហារូបករណ៍ កម្មវិធីស្ម័គ្រចិត្ត កិច្ចសហការផ្សព្វផ្សាយឆ្លងស្ថាប័ន និងការគាំទ្រផ្នែកហិរញ្ញវត្ថុ។ ABA នៅតែបន្តពង្រឹងកុមារជំនាន់ក្រោយៗ ឲ្យមានអនាគតភ្លឺស្វាង ដើម្បីធានាថា កុមារគ្រប់រូបមានឱកាស​អភិវឌ្ឍ​សក្ដានុពល​របស់​ខ្លួន​បាន​ពេញលេញនិងបន្តបង្ហាញពីការប្តេជ្ញាចិត្តឥតងាករេរទៅ លើទំនួល ខុសត្រូវសង្គម និងការអភិវឌ្ឍសហគមន៍របស់ធនាគារ។

ABA គឺជាធនាគារពាណិជ្ជធំជាងគេនៅកម្ពុជា គិតលើទ្រព្យសកម្មសរុប ប្រាក់បញ្ញើ និងប្រាក់កម្ចី យោងតាមរបាយការណ៍ត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជាឆ្នាំ ២០២១-២០២៣។ ធនាគារ ABA មាន ៩៥សាខា, ទីតាំងស្វ័យសេវា ABA ២៤/៧ចំនួន ៤៥កន្លែង, ម៉ាស៊ីនស្វ័យសេវាជាង១,៦០០នៅទូទាំងប្រទេស, សេវាធនាគារអនឡាញ និងកម្មវិធីធនាគារតាមទូរស័ព្ទដ៏ទំនើប បានធ្វើឲ្យធនាគារ ABA មានអតិថិជនជាង ៣.៥ លាននាក់ ដែលកំពុងប្រើប្រាស់សេវាហិរញ្ញវត្ថុដ៏ទំនើបសម្បូរបែបនេះ៕