(បរទេស)៖ ប្រទេសអូស្រ្តាលីបានប្រកាសនៅថ្ងៃអង្គារសប្តាហ៍នេះថា រដ្ឋាភិបាលគ្រោងនឹងដាក់ចេញច្បាប់ថ្មីនៅឆ្នាំនេះ ដើម្បីហាមឃាត់កុមារពីការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ជាមួយនឹងដែនកំណត់អាយុអប្បបរមាដែលបានស្នើឡើងអាចឈានដល់អាយុ ១៦ឆ្នាំ។ ប្រកាសត្រូវបានធ្វើឡើងដោយនាយករដ្ឋមន្ត្រីលោក Anthony Albanese ដែលបានសង្កត់ធ្ងន់លើការតម្រូវការដើម្បីការពារកុមារពីផលប៉ះពាល់អវិជ្ជមាននៃបណ្តាញសង្គម និងលើកទឹកចិត្តពួកគេឱ្យចូលរួមក្នុងសកម្មភាពក្រៅផ្ទះបន្ថែមទៀត ជាពិសេសកីឡា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤។

លោក Albanese បានលើកឡើងថា បច្ចុប្បន្ននេះរដ្ឋាភិបាលសហព័ន្ធបាននឹងកំពុងដាក់មូលដ្ឋានគ្រឹះសម្រាប់ការរឹតបន្តឹងអាយុទាំងនេះ ហើយគ្រោងនឹងចាប់ផ្តើមធ្វើការសាកល្បងនៃបច្ចេកវិទ្យាផ្ទៀងផ្ទាត់អាយុ ក្នុងរយៈពេលប៉ុន្មានខែខាងមុខ។ លោក Albanese បានប្រាប់ទូរទស្សន៍ជាតិ ABC ថា «ខ្ញុំចង់ឃើញក្មេងៗបិទឧបករណ៍របស់ពួកគេ ហើយចូលទៅកាន់វាលស្មៅ អាងហែលទឹក និងទីលានវាយកូនបាល់។ យើងចង់ឱ្យពួកគេទទួលបានបទពិសោធន៍ពិតៗជាមួយមនុស្សពិត ពីព្រោះយើងដឹងថាប្រព័ន្ធផ្សព្វផ្សាយសង្គមបង្កគ្រោះថ្នាក់ដល់សង្គម»។ នៅក្នុងសេចក្តីថ្លែងការណ៍នេះ លោកមិនបានគូសបញ្ជាក់ពីអាយុជាក់លាក់ដែលត្រូវកំណត់នោះទេ ប៉ុន្តែលោកបានបង្ហើបថា កំពុងតែពិចារណាចន្លោះអាយុ ១៤ ទៅ ១៦ឆ្នាំ។

ប្រកាសនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីនិយតករ​ eSafety របស់ប្រទេសអូស្រ្តាលីកាលពីខែកក្កដា បានស្នើឱ្យក្រុមហ៊ុនអ៊ីនធឺណិតជាច្រើនបង្កើតលេខកូដសុវត្តិភាព ដែលអាចបញ្ឈប់កុមារពីការមើលឃើញរូបភាពអាភាស និងសម្ភារៈមិនសមរម្យផ្សេងទៀត។ មិនត្រឹមតែប្រទសអូស្រ្តាលីនោះទេ នៅមានប្រទេសជាច្រើនផ្សេងទៀតជុំវិញពិភពលោក បាននិងកំពុងព្យាយាមរឹតបន្តឹងការប្រើប្រាស់បណ្តាញផ្សាព្វផ្សាយសង្គមដោយអនីតិជន ប៉ុន្តែសុទ្ធតែបានលើកឡើងដូចគ្នាទាក់ទងនឹងបញ្ហាប្រឈមផ្នែកច្បាប់ និងបច្ចេកវិទ្យា ជាពិសេសបណ្តាញឯកជននិម្មិតដែលក្លែងបន្លំទីតាំងបានរារាំងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល។ ទន្ទឹមនឹងនេះ លោក Albanese បានគូសបញ្ជាក់បន្ថែមទៀតថា «នេះគឺជាបញ្ហាសកលដែលរដ្ឋាភិបាលជុំវិញពិភពលោកកំពុងព្យាយាមដោយះស្រាយ... យើងដឹងថាវាមិនសាមញ្ញ ហើយវាមិនងាយស្រួលនោះទេ បើមិនដូច្នេះរដ្ឋាភិបាលធ្វើវាជាយូរមកហើយ»។

គួរជម្រាបថា ច្បាប់ថ្មីនេះត្រូវបានគេរំពឹងថា នឹងត្រូវបានដាក់ឱ្យប្រើនៅមុនការបោះឆ្នោតសហព័ន្ធអូស្តា្រលីបន្ទាប់ ពោលគឺអាចអំឡុងពេលពាក់កណ្តាលឆ្នាំ២០២៥ខាងមុខនេះ៕